ប្រទេសឥណ្ឌា ជួបហេតុការណ៍ភ្លើងឆេះកន្លែងចាក់សំរាម Ghazipur សាយភាយកម្ដៅ និងផ្សែងពុលខ្មួលខ្មាញ់ គ្របដណ្ដប់ពាសពេញទីក្រុង New Delhi
ថ្មីៗនេះ នៅប្រទេសឥណ្ឌា ជួបហេតុការណ៍ភ្លើងឆេះកន្លែងចាក់សំរាម Ghazipur សាយភាយកម្ដៅ និងផ្សែងពុលខ្មួលខ្មាញ់ គ្របដណ្ដប់ពាសពេញទីក្រុង New Delhi។
តាមព័ត៌មានបានឱ្យដឹងថា ភ្លើងឆេះកន្លែងចាក់សំរាម Ghazipur ដែលជាកន្លែងចាក់សំរាមធំជាងគេបំផុតនៅក្រុង New Delhi នេះដែរ បានកើតមានឡើងកាលពីថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅ ដោយមិនទាន់ដឹងមូលហេតុ។ រហូតមកដល់ថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅនេះ ភ្លើងត្រូវបានរលត់ទាំងស្រុងហើយ ប៉ុន្តែពលរដ្ឋដែលរស់នៅក្បែរនោះ បាននិយាយថា ពួកគេមានការឈឺភ្នែក ឈឺបំពង់ក ដោយសារតែការប៉ះពាល់ពីខ្យល់ពុល។
គួរឱ្យដឹងផងដែរថា ភ្លើងឆេះគំនរសំរាម ភាគច្រើនគឺកើតមានឡើងដោយសារតែចំហេះឧស្ម័នមេតាន អំឡុងពេលសំរាមចាប់ផ្ដើមរលួយ។ រយៈពេលជាច្រើនឆ្នាំហើយ រដ្ឋាភិបាលមានការឈឺក្បាលជាខ្លាំង ក្នុងការរកដំណោះស្រាយ ដើម្បីការពារកុំឱ្យមានការឆាបឆេះគំនរសំរាមនេះ។
រៀងរាល់ឆ្នាំ នៅពេលដែលសីតុណ្ហភាពកើនឡើងក្នុងរដូវក្ដៅ កន្លែងចាក់សំរាមក្នុងក្រុង គឺតែងតែឆេះដោយសំរាមរលួយ បន្ថែមបរិមាណឧស្ម័នមេតាន ក្នុងប្រទេសកាន់តែច្រើន។ មេតាន គឺជាឧស្ម័នផ្ទះកញ្ចក់ច្រើនបំផុតទី ២ បន្ទាប់ពីឧស្ម័ន CO2 ដែលរួមចំណែកធ្វើឱ្យបរិយាកាសលើភពផែនដីកាន់តែធ្ងន់ធ្ងរ។ ជាមួយគ្នានោះដែរ បើតាមអង្គការ Global Clean Air Initiative បានបញ្ជាក់ដែរថា ការស្រូបយកសារធាតុមេតានក្នុងរយៈពេលយូរ អាចធ្វើឱ្យមនុស្សកើតមានជំងឺសួតធ្ងន់ធ្ងរ បង្កទៅជាជំងឺហឺត និងបង្កើនហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល៕