ពេជ្រ វត្តីសារ៉ាវឌ្ឍី បានធ្វើការបង្ហាញមុខអ្នកផាត់មុខផ្ទាល់ខ្លួនរបស់នាងចំនួន ៥ រូប ដែលសុទ្ធសឹងតែជាអ្នកជំនាញផាត់មុខល្បីៗ
ថ្មីៗនេះ មហាជនអ្នកគាំទ្ររបស់បវរកញ្ញាដ៏មានប្រជាប្រិយភាព ពេជ្រ វត្តីសារ៉ាវឌ្ឍី កំពុងមានការចាប់អារម្មណ៍ភ្ញាក់ផ្អើលខ្លាំង ខណៈបានឃើញលើគណនីហ្វេសប៊ុករបស់បវរកញ្ញារូបនេះ បានបង្ហោះសារមួយជុំវិញរឿងអ្នកផាត់មុខផ្ទាល់ខ្លួនរបស់នាង។
ក្នុងការបង្ហោះនោះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានធ្វើការបង្ហាញមុខអ្នកផាត់មុខផ្ទាល់ខ្លួនរបស់នាងចំនួន ៥ រូប ដែលសុទ្ធសឹងតែជាអ្នកជំនាញផាត់មុខល្បីៗ និង មានស្នាដៃ ហើយនាងក៏បានប្រកាសឱ្យដឹងថាចាប់ពីពេលនេះទៅ ក្រៅពីអ្នកផាត់មុខ ៥ រូបនេះ គឺនាងនឹងមិនទទួលការផាត់មុខពីអ្នកផ្សេងទៀតឡើយ។
ក្នុងនោះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានរៀបរាប់ថា ៖ «ចំពោះបញ្ហាដែលបានកើតឡើងដដែលៗចំពោះនាងខ្ញំ ថ្ងៃនេះនាងខ្ញុំសូមជូនដំណឹងមួយនេះទៅកាន់បងប្អូនទាំងអស់គ្នា ក៏ដូចជាបណ្តាក្រុមហ៊ុនដែលតែងតែមេត្តា និង ផ្តល់ឱកាសការងារចំពោះនាងខ្ញុំទាំងអស់។ ពួកគាត់ទាំង 5 នេះ គឺជាអ្នក make up ផ្ទាល់ខ្លួនរបស់នាងខ្ញុំទាំងអស់ដែលបានធ្វើការផាត់មុខជូនខ្ញុំតាំងពីខ្ញុំមិនទាន់មានអ្នកស្គាល់រហូតមកដល់សព្វថ្ងៃនេះ ពួកគាត់មានភាព unique ហើយស្អាតម្យ៉ាងម្នាក់នៅក្នុងការ Make up ហើយចំណុចពិសេសរបស់គាត់ដែលធ្វើឱ្យនាងខ្ញុំគោរពស្រឡាញ់ ពួកគាត់មានវីជ្ជាជីវៈការងារត្រឹមត្រូវ ធ្វើការភ្ជាប់ទៅដោយសេចក្តីថ្លៃថ្នូរ និង ច្បាស់លាស់។ ដូច្នោះដោយក្តីគោរពចំពោះបណ្តាក្រុមហ៊ុនដែលបានផ្តល់ឱកាសការងារដល់ប្អូនទាំងអស់ សូមរាប់ចាប់ពីថ្ងៃនេះទៅគ្រប់ការងារទាំងអស់នាងខ្ញុំនឹងមិនទទួលការ make up ពីអ្នកផ្សេងក្រៅពីពួកគាត់ឡើយ សូមឱ្យបងបងទាំងអស់គ្នាធ្វើការអនុគ្រោះ និង យល់យោគចំពោះបញ្ហានេះ។ Oun Bobo Koan Try Be Ra Yuth Pit Ter Pee Lin»។
ជាមួយការបង្ហោះនេះដែរ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បានឱ្យដឹងដែរថា ដោយសារតែមួយរយៈកន្លងទៅនេះមានបញ្ហាខ្លះបានកើតឡើងដដែលៗចំពោះរូបនាង ដែលជាហេតុធ្វើឱ្យនាងចេញប្រកាសលើបណ្ដាញសង្គមបែបនេះ ព្រមទាំងស្នើសុំដល់បណ្ដាក្រុមហ៊ុនផ្សេងៗដែលបានផ្ដល់ឱកាសការងារឱ្យរូបនេះ ជួយយោគយល់ដល់រូបនាងជុំវិញបញ្ហានេះផងដែរ។
សារនោះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបន្តទៀតថា ៖ «ហើយការប្រកាសបែបនេះ គឺក្នុងគោលបំណងជៀសវាងរាល់បញ្ហាផ្សេងៗដែលកើតមានរវាងនាងខ្ញុំ និង មនុស្សដែលនាងខ្ញុំមិនស្គាល់ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសនាងខ្ញុំផ្ទាល់ ប៉ះពាល់ដល់ការងារទាំងអស់ ក៏ដូចជាសង្គមជាតិដែរ សង្ឃឹមថាបងបងម្ចាស់ក្រុមហ៊ុនទាំងអស់ធ្វើការអនុគ្រោះ ក៏ដូចជាការយោគយល់ក្នុងរឿងមួយនេះ។ អូនតីសូមអរគុណទៅកាន់បងប្អូនទាំងអស់គ្នា ពិសេសហ្វេនរបស់អូនតីចំពោះការស្រឡាញ់ ការបារម្ភពីអ្នកទាំងអស់គ្នា ស្រឡាញ់អ្នកទាំងអស់គ្នាខ្លាំងៗ»៕