រកឃើញទីតាំងជួញដូរ និង លាក់គ្រឿងញៀនមេតំហ្វេតាមីន ១២១ ដុំ ទម្ងន់ជាង ១០០ គីឡូ នៅស្រុកពួក ក្រុងសៀមរាប
នៅរសៀលថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៤ នេះ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជាក់ពីរណីបញ្ជូនខ្លួនជនសង្ស័យចំនួន ០១ នាក់ ពាក់ព័ន្ធនឹងករណីកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ជួញដូរ និង រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និង បទល្មើសសម្អាតប្រាក់ ទៅកាន់សាលាដំបូងខេត្តសៀមរាប។
តាមសេចក្ដីរាយការណ៍បានឱ្យដឹងថា កាលពីថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅ សមត្ថកិច្ចបានធ្វើការបង្ក្រាបករណីប្រើប្រាស់អាវុធដោយខុសច្បាប់នៅចំណុចភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ ក្រោយពីប្រើវិធានការជំនាញសាកសួរ និង ពិនិត្យទៅលើភស្តុតាងនានាហើយ សមត្ថកិច្ចបានស្រាវជ្រាវរកឃើញទីតាំងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនមួយកន្លែងស្ថិតនៅ ភូមិដូនស្វា ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប និង បានដកហូតចាប់យកវត្ថុតាង សារធាតុញៀនមេតំហ្វេតាមីន (ice) សរុបចំនួន ១២១ ដុំ ដែលបានលាក់ទុកនៅក្នុងរថយន្តម៉ាក Camry (គូទហើម) ស្មើនឹងទម្ងន់ ១២០,៦៨ គីឡូក្រាម។ បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងបញ្ចូនទៅកាន់សាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
គួរឱ្យដឹងផងដែរថា ប្រតិបត្តិការខាងលើធ្វើឡើងនៅថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅ ដោយដឹកនាំបញ្ជាផ្ទាល់ដោយលោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប និងលោកឧត្តមសេនីយ៍ត្រី អ៊ុំ អមរា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន សហការជាមួយលោកឧត្តមសេនីយ៍ទោ អូត ស៊ីវត្ថា ស្នងការនគរបាលខេត្តស្ទឹងត្រែង និង លោកឧត្តមសេនីយ៍ត្រី ផៃ រស្មី ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដឹកនាំនិងសម្របសម្រួលដោយ ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប និងលោក យិន យូឡាយ ព្រះរាជអាជ្ញារង ដោយមានការចូលរួមសហការពីកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប និង កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកពួក៕
សូមអានសេចក្ដីលម្អិតបន្ថែមនៅខាងក្រោម ៖