ផ្ទុះការរិះគន់ច្រើនជាងគាំទ្រ! តារាចម្រៀង ឆន សុវណ្ណារាជ បានលើកយកបទចម្រៀងចាស់ចំនួន ២ បទយកមក Remix ទៅជាបទញាក់កន្ត្រាក់អារម្មណ៍
ថ្មីៗនេះ មហាជនអ្នកនិយមស្តាប់បទចម្រៀងលោក ឆន សុវណ្ណារាជ ច្បាស់ជាបានជ្រាបហើយថា លោកបានលើកយកបទចម្រៀងចាស់ចំនួន ២ បទ គឺបទ «ធម្មជាតិស្ងៀមឈឹង» និង បទ «កុំជឿមនុស្សស្រវឹង» យកមក Remix ទៅជាបទញាក់កន្ត្រាក់អារម្មណ៍ ព្រមទាំងថែមនូវប៉ារ៉ូលរ៉េបទៀតផង។
បទចម្រៀងទាំង ២ បទខាងនោះ គឺជារសជាតិប្លែកថ្មីមួយទៀតពីសំណាក់តារាចម្រៀង ឆន សុវណ្ណារាជ ដែលចេញតាមអ្នកគាំទ្រនាសម័យថ្មីនេះ។ យ៉ាងណាមិញ ទោះបីវាជារសជាតិថ្មីមួយក្តី ប៉ុន្តែទាំង ២ បទនេះដែរ លោក ឆន សុវណ្ណារាជ ហាក់មិនសូវទទួលបានការគាំទ្រខ្លាំងពីមហាជនឡើយ ដោយក្នុងនោះមានអ្នកលើកឡើងថា លោក ឆន សុវណ្ណរាជ ប្តូរស្ទីលខុសពីខ្លួនឯងពីមុន ខ្លះថាបទចម្រៀងមិនពីរោះដូចបទមនោសញ្ចេតនា ជាដើម។
ស្របគ្នានឹងការលើកឡើងហាក់មិនសូវគាំទ្រនោះ គេបានសង្កេតឃើញមានមតិមួយចំនួនបានទទូចចង់បានតារាចម្រៀង ឆន សុវណ្ណារាជ ពីមុនត្រឡប់មកវិញ ដែលជាតារាចម្រៀង ឆន សុវណ្ណារាជ ចម្រៀងមនោសញ្ចេតនាពីរោះៗដូចមុន ជាជាងចេញបទថ្មីៗ ប៉ុន្តែបាត់ស្ទីលចាស់ផ្ទាល់ខ្លួនរបស់តារាចម្រៀងរូបនេះ៕