អង្គការ WHO បង្ហាញការបារម្ភ ជំងឺផ្ដាសាយបក្សីអាចផ្ទុះរាលដាលឆ្លងខ្លាំងលើមនុស្ស និង សត្វ

អង្គការសុខភាពពិភពលោក (WHO) បានចេញការព្រមានពីការកើនឡើងនៃចំនួនករណីឆ្លងជំងឺផ្ដាសាយបក្សី H5N1 មកលើមនុស្ស និង សត្វ។

ជាក់ស្ដែង អង្គការ WHO បានលើកឡើងថា ជំងឺផ្ដាសាយបក្សី H5N1 ឥលូវនេះបានក្លាយជាជំងឺរាតត្បាតជាសកលទៅលើសត្វហើយ។ នេះគឺជាសញ្ញានៃការព្រួយបារម្ភដ៏ខ្លាំងមួយ ព្រោះថាជំងឺនេះ ក្រោយពីរាលដាលឆ្លងលើពពួកសត្វស្លាបចិញ្ចឹម (មាន់ ទា) ក្រោយមកក៏បន្តរាតត្បាតលើពពួកថនិកសត្វ (គោ ក្របី សេះ) ហើយមកដល់បច្ចុប្បន្ននេះ វាក៏វិវដ្តសមត្ថភាពឆ្លងមកមនុស្ស ដែលទៅថ្ងៃមុខ វាអាចនឹងមានសមត្ថភាពឆ្លងពីមនុស្សទៅមនុស្សក៏ថាបាន។

តាមការបញ្ជាក់ពីវេជ្ជបណ្ឌិត Jeremy Farrar ប្រធានផ្នែកវិទ្យាសាស្ត្រប្រចាំអង្គការ WHO បានឱ្យដឹងថា ជំងឺផ្ដាសាយបក្សី គឺមានអត្រាស្លាប់ខ្ពស់ខ្លាំងបំផុតលើរាល់អ្នកដែលបានឆ្លងជំងឺនេះកន្លងមក។ បើទោះជាបច្ចុប្បន្ន មិនទាន់មានករណីឆ្លងពីមនុស្សមកមនុស្សក៏ពិតមែន តែវេជ្ជបណ្ឌិត Jeremy Farrar បានលើកឡើងថា ៖ «ជំងឺ H5N1 គឺជាប្រភេទនៃជំងឺផ្ដាសាយ ដែលកើតឡើងចម្បងចេញពីពពួកសត្វស្លាបក្នុងកសិដ្ឋានចិញ្ចឹម និងបន្តរាលដាលឆ្លងទៅពពួកសត្វដទៃពាសពេញពិភពលោក។ ក្នុងរយៈពេល 1 ឬ 2 ឆ្នាំកន្លងមកនេះ វាបានក្លាយជាជំងឺរាតត្បាតជាសកលលើសត្វ ហើយបច្ចុប្បន្ន វីរុសនេះ ក៏បានវិវដ្តសមត្ថភាពឆ្លងមកកាន់មនុស្ស»

ការផ្ទុះឆ្លងជំងឺផ្ដាសាយខ្លាំងបំផុតចុងក្រោយគេ គឺនៅក្នុងឆ្នាំ ២០២០ ដែលជំងឺនេះបានសម្លាប់សត្វស្លាបចិញ្ចឹមរាប់លានក្បាល ដោយនេះមិនរាប់គិតសត្វស្លាបព្រៃ និងថនិកសត្វផ្សេងៗផង។

កាលពីខែមុន ជំងឺផ្ដាសាយបក្សីនេះ ត្រូវបានរកឃើញឆ្លងលើសត្វគោ និង ពពែ ដែលធ្វើឱ្យអ្នកវិទ្យាសាស្ត្រមានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះថាប្រភេទសត្វទាំងនេះ គឺមិនរំពឹងគិតថានឹងអាចឆ្លងជំងឺផ្ដាសាយបក្សីឡើយ។

ជាមួយគ្នានេះដែរ ខណៈវ៉ាក់សាំងការពារ និង ព្យាបាលជំងឺនេះ នៅកំពុងស្ថិតក្រោមការស្រាវជ្រាវក៏ដោយ ខាងអង្គការ WHO នៅតែសង្កត់ធ្ងន់ឱ្យខាងមន្ត្រីសុខាភិបាលតាមបណ្ដាប្រទេសទាំងអស់ ត្រូវធានាថា ពួកគេមានសមត្ថភាពវិនិច្ឆ័យគ្រប់គ្រាន់ ក្នុងករណីដែលវីរុសកើតមានការរាលដាលឆ្លងពីមនុស្សទៅមនុស្ស ដើម្បីឱ្យពិភពលោក អាចត្រៀមខ្លួនរួចរាល់ក្នុងការឆ្លើយតប៕

A quarantine researcher checks on a chicken at a poultry farm in Xiangyang, Hubei province, China, February 3, 2017. Picture taken February 3, 2017. REUTERS/Stringer ATTENTION EDITORS – THIS IMAGE WAS PROVIDED BY A THIRD PARTY. EDITORIAL USE ONLY. CHINA OUT. – RC1E1E40E8B0
អត្ថបទដែលជាប់ទាក់ទង