ផ្ទុះការភ្ញាក់ផ្អើល! ទារកអាយុទើប ១១ ខែម្នាក់ត្រូវបានពេទ្យឯកជនមួយរូប បានដោះសេរ៉ូម កាត់ត្រូវម្រាមដៃដាច់ គួរឱ្យអាណិត
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាផ្ទុះការភ្ញាក់ផ្អើល និង សម្ដែងក្ដីសោកស្ដាយ ក្រោយទារកអាយុទើប ១១ ខែម្នាក់ត្រូវបានពេទ្យឯកជនមួយរូប នៅមន្ទីរសម្រាកព្យាបាលកុមារពេជ្រឧត្តុង្គ ខេត្តកណ្ដាល បានដោះសេរ៉ូម កាត់ត្រូវម្រាមដៃដាច់ គួរឱ្យអាណិតបំផុត។
តាមរយៈគណនីរបស់ស្ត្រីដែលត្រូវជាម្ដាយទារក មានឈ្មោះ Sopilikol Seng បានបង្ហោះនៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៤ ឱ្យបានដឹងថា ខ្លួនបានឃើញជាក់ស្តែង ដែលអ្នកគ្រូពេទ្យស្រីគ្មានវិជ្ជាជីវៈម្នាក់បានយកកន្រៃ្ត (មិនមែនកន្ត្រៃពេទ្យទេ) កាត់ចំម្រាមដៃកូនរបស់ខ្លួន (ដោះសេរ៉ូម ហើយកាត់ចំកូនដៃរបស់កូនខ្លួន)។
ស្ត្រីជាម្ដាយបន្តទៀតថា ៖ «ទិដ្ឋភាពផ្ទាល់ភ្នែក សំឡេងកូនរបស់ខ្ញុំយំដោយការឈឺចាប់ បាញ់ឈាមពេញហ្នឹង ខ្ញុំជាម្តាយយំស្ទើរតែគាំងបេះដូង ឃើញដៃកូនដាច់ចុះមកដល់ក្រោម ឃើញនឹងភ្នែក នេះបានដក់ជាប់ខួរក្បាលរបស់ខ្ញុំរាល់យប់! មន្ទីរសម្រាកព្យាបាល កុមារពេជ្រឧត្តុង្គ ផ្លូវ៥១ និង អ្នកគ្រូពេទ្យដែលបង្កឱ្យកូនខ្ញុំដាច់ដៃកូន មិនបានសួរនាំសូម្បីមួយម៉ាត់ ឈរមើលធ្វើមិនដឹងទាល់តែស្រែកទើបមក និង មិនបានលាងរបួសត្រឹមត្រូវ មិនបានយកឡានសង្គ្រោះដើម្បីដឹកកូនខ្ញុំមកសង្គ្រោះបន្ទាន់នោះទេ អ្វីដែលខ្ញុំបានពីក្រុមគ្រូពេទ្យនោះគឺថាដៃដាច់នោះនឹងដុះឡើងវិញ តែផ្ទុយទៅវិញដៃដែលដាច់នោះ គឺក្រុមគ្រូពេទ្យជំនាញនៅពេទ្យគន្ធបុប្ផាថាមិនដុះទេ ព្រោះដាច់ដល់គល់ក្រចកហើយ»។
ចំពោះរឿងនេះ ស្ត្រីជាម្ដាយបានបន្តថា ៖ «ខ្ញុំសូមស្នើទៅកាន់ក្រសួងស្ថាប័នពាក់ពន្ធ័ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ សូមរកយុត្តិធ៌មឱ្យកូនស្រីខ្ញុំផង ពិសេសក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល និង អង្គការសិទ្ធិកុមារ និង ស្ថាប័នជំនាញ បងប្អូនដែលជាឪពុកម្តាយទូទាំងប្រទេសរកយុត្តិធម៌ដល់កូនខ្ញុំ និង ក្រុមគ្រួរសារខ្ញុំផង»៕