ហាក់ស្ងប់ស្ងាត់ តារាស្រី គង់ ចាន់ស្រីមុំ ក្រោយធ្លោយបង្ហោះរូបបាញ់ទឹកខុសទឹកដីថ្ងៃចូលឆ្នាំថ្មី

ចំពោះ គង់ ចាន់ស្រីមុំ ការហោះហើរទៅប្រទេសថៃ អាចថាជារឿងធម្មតាទៅហើយសម្រាប់នាង ដោយហេតុនាងតែងធ្វើដំណើរទៅជាលក្ខណៈកម្សាន្តផង និង ជំនួញផង។ អ្វីដែលលើសពីនេះ រាល់ពេលទៅប្រទេសថៃ នាងរមែងថតវីដេអូ និង ថតរូបបង្ហោះនៅលើបណ្តាញសង្គមណែនាំពីកន្លែងថ្មីៗដូចជា ភោជនីយដ្ឋាន សណ្ឋាគារ ដើរផ្សារ និង កន្លែងទេសចរណ៍នានា។

យ៉ាងណាមិញ ថ្មីៗនេះ អ្វីដែលធ្វើឱ្យមហាជនផ្ទុះការចាប់អារម្មណ៍ តែជាការហួសចិត្ត និង រិះគន់ទៅលើតារាកូនមួយរូបនេះ គឺបន្ទាប់ពី គង់ ចាន់ស្រីមុំ បានបង្ហោះរូបភាពជះទឹកនៅថ្ងៃចូលឆ្នាំ ដោយសរសេរថា «រីករាយបុណ្យចូលឆ្នាំថ្មី» ខណៈដែលទិដ្ឋភាពក្នុងរូបភាពមិនមែនជាទីតាំងចូលឆ្នាំលើទឹកដីកំណើតរបស់ខ្លួនទៅវិញ ពោលគឺនៅប្រទេសថៃ។

តាមរយៈការបង្ហោះមួយនេះ មានមហាជនជាច្រើនបានធ្វើការ Share តៗគ្នា ដែលក្នុងនោះសុទ្ធសឹងតែជាការ Share សរសេរ Caption ពាក្យរិះគន់ និង បញ្ចេញមតិមិនពេញចិត្តជាហូរហែ។ លើសពីរូបភាពជះទឹក គង់ ចាន់ស្រីមុំ ក៏បានបង្ហោះរូបភាពដើរកម្សាន្តនៅតំបន់ទេសចរណ៍មួយចំនួនលើទឹកដីប្រទេសថៃផងដែរ។ សូម្បីតែទំព័រហ្វេសប៊ុកថៃមួយចំនួន ក៏បានយករូបនាងទាំងការជះទឹក និង ការដើរកម្សាន្តលើទឹកដីថៃទៅបង្ហោះ រហូតធ្វើឱ្យមហាជនខ្មែរចែកចាយមិនពេញចិត្តកាន់តែខ្លាំង។

ក្រោយមហាជនមានការរិះគន់ខ្លាំងនៅលើបណ្តាញសង្គម ឃើញថាមិនយូរប៉ុន្មាន ទំព័រហ្វេសប៊ុក Kong chansreymom ក៏បានលុបរូបភាពជះទឹកនៅលើទឹកដីប្រទេសថៃចេញពីគណនីរបស់ខ្លួន នៅឡើយតែរូបភាពដើរកម្សាន្តតាមតំបន់ទេសចរណ៍ថៃប៉ុណ្ណោះ។ ក្រោយមកទៀត ទំព័រហ្វេសប៊ុក Kong chansreymom ក៏បានបង្ហោះ Story ដែលជាសកម្មភាព គង់ ចាន់ស្រីមុំ មកលេងជះទឹកនៅទឹកដីកម្ពុជាវិញ។

ចំពោះការប្រតិកម្មរបស់មហាជននេះ គង់ ចាន់ស្រីមុំ នៅមិនទាន់មានការឆ្លើយតបអ្វីឡើយ ក្រៅតែពីលុបរូបភាពជះទឹកចេញពីគណនីរបស់ខ្លួន។ នាងហាក់ស្ងប់ស្ងាត់ និង ងាកមកបង្ហាញតែអ្វីដែលជាសកម្មភាពការងារ និង មុខជំនួញរបស់នាងវិញ៕

អត្ថបទដែលជាប់ទាក់ទង