ទម្លាយរឿងលម្អិត និង ដំណើរចោរចូលប្លន់ផ្ទះម្ចាស់ប្រ៊េន Lakamo គេធ្វើសកម្មភាពតាំងពីម៉ោង ១១ យប់បន្តដល់ម៉ោង ៧ ព្រឹកទើបបែកការណ៍
នៅថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៤ នេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាផ្ទុះការភ្ញាក់ផ្អើល និង ចូលរួមរំលែកទុក្ខ ក្រោយលោកឈួរ ឈុនហួរ ស្វាមីម្ចាស់ប្រ៊េន Lakamo បានបាត់បង់ជីវិត នៅក្នុងករណីចោរប្លន់ក្នុងគេហដ្ឋាន ស្ថិតក្នុងភូមិសាស្ត្រខណ្ឌជ្រោយចង្វារ។
ទាក់ទិនទៅនឹងរឿងនេះ តាមរយៈសារព័ត៌មានក្នុងស្រុក Fresh News បានបញ្ជាក់ឱ្យបានដឹងថា ជនសង្ស័យម្នាក់បានប្រដាប់ដោយកាំភ្លើងខ្លីមួយដើមចូលផ្ទះម្ចាស់ប្រេន Lakamo ចាប់ជំរិតទារលុយ ២០ ម៉ឺនដុល្លារ រួចបាញ់សម្លាប់បុរសជាប្ដី ហើយជនដៃដល់ក៏បាញ់សម្លាប់ខ្លួនតាមក្រោយ ខណៈហេតុការណ៍នេះបានកើតឡើងតាំងពីម៉ោង ១១ យប់ ថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៤ ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ប្រភពខាងលើ បានបញ្ជាក់លម្អិតឱ្យដឹងថា នៅប្រហែលម៉ោង ១១ យប់ (វេលាកើតហេតុ) ជនដៃដល់បានផ្លោះរបងចូលផ្ទះវីឡាជនរងគ្រោះ ហើយយកកាំភ្លើងភ្ជង់អ្នកបើកបរនៅខាងក្រោម ដើម្បីឱ្យនាំជនដៃដល់ទៅបន្ទប់ជនរងគ្រោះ។ លុះពេលទៅដល់ ជនដៃដល់បានធ្វើសកម្មភាពគំរាមមនុស្សនៅក្នុងផ្ទះ និង លោក ឈួរ ឈុនហួរ ស្វាមីម្ចាស់ផលិតផល Lakamo ហើយក៏បាញ់លោកមួយគ្រាប់ចំក្បាលផ្នែកខាងក្រោយ បណ្ដាលឱ្យបាត់បង់ជីវិតភ្លាមៗតែម្ដង។
ក្រោយបាញ់សម្លាប់បុរសជាម្ចាស់ផ្ទះ តាមប្រភពបានបញ្ជាក់ថា ជនដៃដល់បានជំរិតឱ្យជនរងគ្រោះយកលុយមកប្រគល់ឱ្យខ្លួនចំនួន ២០ ម៉ឺនដុល្លារ ខណៈការធ្វើសកម្មភាពរបស់ជនដៃដល់ គឺស្ថិតនៅក្នុងផ្ទះជនរងគ្រោះ បានបន្ដរហូតដល់ព្រឹកម៉ោងប្រមាណ ៧ ថ្ងៃទី ១១ ខែមេសា ទើបហេតុការណ៍នេះបានដឹងដល់សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ចេញទៅអន្ដរាគមន៍ និង បង្ក្រាបជនដៃដល់ ស្របពេលដែលពេលឃើញកម្លាំងអាវុធហត្ថទៅដល់ និង កំពុងឡោមព័ទ្ធផ្ទះនោះ ជនដៃដល់ទំនងអស់ផ្លូវដើម្បីតស៊ូក៏បាញ់សម្លាប់ខ្លួនឯងតែម្ដង។
ចំពោះហេតុការណ៍ដ៏រន្ធត់នេះ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់កំពុងស្ថិតនៅទីតាំងផ្ទះកើតហេតុខាងលើ ហើយកំពុងធ្វើការស្រាវជ្រាវ និង សួរនាំជនរងគ្រោះនៅក្នុងផ្ទះសរុប ១២ នាក់ តាមនីតិវិធីជំនាញ៕
ប្រភព ៖ Fresh News