ឆេះអគារកម្ពស់ ១៦ ជាន់មួយនៅហុងកុង ស្លា-.ប់ និង របួសមនុស្សប្រមាណ ៤០ នាក់
កាលពីព្រឹកថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៤ (ពេលវេលាក្នុងតំបន់) យ៉ាងហោចណាស់មនុស្សចំនួន ៥ នាក់បានស្លាប់ និង ៣៥ នាក់ផ្សេងទៀតបានរងរបួស ក្រោយហេតុការណ៍អគ្គិភ័យដ៏សន្ធោសន្ធៅមួយ បានឆាបឆេះអគារដ៏ខ្ពស់មួយកន្លែងនៅក្រុងហុងកុង ប្រទេសចិន។
តាមសារព័ត៌មាន SCMP បានចេញផ្សាយថា កាលពីព្រឹកម៉ោង ៧ និង ៥៣ នាទី ថ្ងៃទី ១០ ខែមេសា អគារ New Lucky House លើដងផ្លូវ Jordan Street ក្រុងហុងកុង បានឆាបឆេះយ៉ាងសន្ធោសន្ធៅ រហូតក្រុមពន្លត់អគ្គិភ័យត្រូវចុះប្រតិបត្តិការដល់ទីតាំងភ្លាមៗ។ អគារ New Lucky House ជាអគារកម្ពស់ ១៦ ជាន់ ដែលសាងសង់ឡើងតាំងពីឆ្នាំ ១៩៦៤ មកម្ល៉េះ និងមានបន្ទប់អាផាតមិនចំនួន ២៤០។
តាមព័ត៌មានដដែលបានឱ្យដឹងទៀតថា គិតមកត្រឹមពេលនេះ មនុស្សចំនួន ៥ នាក់ត្រូវបានប្រកាសស្លាប់ និង ៣៥ នាក់ផ្សេងទៀត បានរងរបួស និងបញ្ជូនទៅទទួលការព្យាបាលនៅមន្ទីរពេទ្យ។ យ៉ាងណាមិញ ចំពោះមូលហេតុបង្កជាអគ្គិភ័យដ៏សន្ធោសន្ធៅនេះដែរ នៅមិនទាន់បានបញ្ជាក់នៅឡើយ៕