ក្រសួងចុះពិនិត្យគុណភាពទឹកទន្លេមេគង្គនៅខេត្តស្ទឹងត្រែង ក្បែរព្រំដែនឡាវ ហើយលទ្ធផលចេញមកបែបនេះ

ក្រសួងធនធានទឹក និង ឧតុនិយម នៅថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៤ នេះ បានចេញសេចក្តីជូនដំណឹង ឱ្យបានដឹងថា ក្រុមការងារបច្ចេកទេសនាយកដ្ឋានជលសាស្ត្រ និង ការងារទន្លេ នៃក្រសួងធនធានទឹក និង ឧតុនិយម បានសហការជាមួយមន្ត្រីបច្ចេកទេសមន្ទីរធនធានទឹក និង ឧតុនិយមខេត្តស្ទឹងត្រែង នៅថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៤ នេះ បានចុះទៅពិនិត្យ គុណភាពទឹកនៅខេត្តស្ទឹងត្រែង ដោយបានយកសំណាកទឹកទន្លេមេគង្គពីទីតាំងចំនួន ២ ៖

ទី១. នៅខាងលើក្រុងស្ទឹងត្រែងប្រមាណ ៣ គីឡូម៉ែត្រ

ទី២. នៅក្បែរព្រំដែនប្រទេសឡាវ ខាងក្រោមទំនប់វារី អគ្គិសនីដនសាហុង របស់ប្រទេសឡាវប្រមាណ ២ គីឡូម៉ែត្រ។

ជាលទ្ធផល ស្ថានភាពគុណភាពទឹកទន្លេមេគង្គនៅកម្ពុជា ក្នុងខេត្តស្ទឹងត្រែង ព្រំដែនកម្ពុជា-ឡាវ មិនទាន់ទទួលរងផលប៉ះពាល់ពីឧបទ្ទវហេតុនៃការលេចធ្លាយអាស៊ីតស៊ុលផួរិច នៅទន្លេណាមខាន់ដែលជាដៃទន្លេមេគង្គក្នុងប្រទេសឡាវនៅឡើយទេ។ ក្រសួងធនធានទឹក និង ឧតុនិយម និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បាន និង កំពុងយកចិត្តទុកដាក់ខ្ពស់ តាមដានអំពីផលប៉ះពាល់ដែលអាចកើតមានពីករណីឧបទ្ទវហេតុខាងលើ មកលើគុណភាពទឹកទន្លេមេគង្គក្នុងប្រទេសកម្ពុជា និង បន្តធ្វើការជូនដំណឹងបន្ថែមក្នុងករណីចំបាច់។

សូមរំឭកផងដែរថា ថ្មីៗនេះ កម្ពុជាទទួលបាននូវព័ត៌មានបឋមពីលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ ជម្រាបមកប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ អំពីឧបទ្ទវហេតុនៃការលេចធ្លាយសារធាតុគីមីចូលក្នុងស្ទឹងណាមខាន់ ស្ថិតនៅក្នុងក្រុងហ្លួងប្រាបាង នៃខេត្តហ្លួងប្រាបាង ប្រទេសឡាវ ដែលបណ្តាលមក ពីឧបទ្ទវហេតុនៃការក្រឡាប់រថយន្តដឹកសារធាតុគីមី (អាស៊ីតស៊ុលផួរិច) ប្រមាណ ៣០ តោន នៅភូមិ ភូសាងខាំ ក្នុងខេត្តហ្លួងប្រាបាង ប្រទេសឡាវ កាលពីថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅ៕

សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖

អត្ថបទដែលជាប់ទាក់ទង