រុស្ស៊ី និង កាហ្សាក់ស្ថាន ជម្លៀសពលរដ្ឋជាង ១០ ម៉ឺននាក់ ក្រោយជួបគ្រោះទឹកជំនន់ដ៏អាក្រក់មិនធ្លាប់មានក្នុង ៧ ទសវត្សរ៍
មន្ត្រីប្រចាំប្រទេសរុស្ស៊ី និង កាហ្សាក់ស្ថាន បានបញ្ជាឱ្យមានការជម្លៀសពលរដ្ឋប្រមាណជាង ១០ ម៉ឺននាក់ នៅក្នុងតំបន់តាមដងទន្លេ Ural និង Tobol ក្រោយជួបប្រទះគ្រោះទឹកជំនន់ដ៏អាក្រក់បំផុតមួយមិនធ្លាប់មានក្នុងរយៈពេល ៧ ទសវត្សរ៍មកនេះ។
ការរលាយទឹកកក បានបណ្ដាលឱ្យកម្រិតទឹកទន្លេឡើងខ្លាំងនៅតាមតំបន់មួយចំនួននៅជួរភ្នំ Ural តំបន់ Siberia និង កាហ្សាក់ស្ថាន ជាពិសេសនៅតាមដងទន្លេ Ural និត Tobol តែម្ដង។ ជាក់ស្ដែង នៅយប់ថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០២៤ (ពេលវេលាក្នុងតំបន់) មន្ត្រីប្រចាំក្រុង Orenburg នាប្រទេសរុស្ស៊ី បានបញ្ជាក់ថា កម្រិតទឹកទន្លេ Ural បានហក់ឡើងដល់ ៩.៣១ ម៉ែត្រ ដែលនេះលើសកម្រិតប្រកាសអាសន្នទៅទៀត។ ជាមួយគ្នានេះដែរ លោកអភិបាលក្រុង Orenburg ក៏បានជំរុញឱ្យពលរដ្ឋដែលរស់នៅក្នុងតំបន់ដែលរងការប៉ះពាល់ដោយទឹកជំនន់ ឱ្យធ្វើការជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាពភ្លាមៗ។
ជាមួយគ្នានេះដែរ រដ្ឋាភិបាលក្រុង Kurgan ដែលស្ថិតនៅតាមមាត់ទន្លេ Tobol ក៏បានប្រកាសឱ្យពលរដ្ឋរបស់ខ្លួនធ្វើការជម្លៀសទៅរកកន្លែងសមគួរដូចគ្នា។ ដោយឡែកនៅប្រទេសកាហ្សាក់ស្ថានវិញ លោកប្រធានាធិបតី Kassym-Jomart Tokayev ក៏បានបញ្ជាក់ដែរថា ប្រទេសខ្លួន បានធ្វើការជម្លៀសពលរដ្ឋប្រមាណ ៨៦ ០០០ នាក់ ពីតំបន់ដែលរងគ្រោះដោយទឹកជំនន់ ដោយភាគច្រើននៃតំបន់ទាំងនោះ គឺជិតព្រំប្រទល់ប្រទេសរុស្ស៊ី៕