ផ្លូវមួយកន្លែងនៅថៃ បាក់ស្រុតចុះស្តែងៗចំទីប្រជុំជន ខាងអាជ្ញាធរបកស្រាយបែបនេះ
កាលពីថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅនេះ ផ្លូវមួយកន្លែង ស្ថិតក្រោមស្ពាន Rama 4 តំបន់ Pak Kret ខេត្តនុនថាក់បុរី ប្រទេសថៃ បានបាក់ស្រុតចុះ ដែលបង្កឱ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកដំណើរ និងប្រជាជនរស់នៅតំបន់នោះ។
ក្នុងនោះ ខាងអាជ្ញាធរអគ្គិសនីក្រុង បានចេញមុខបកស្រាយឱ្យដឹងថា មូលហេតុដែលផ្លូវបានបាក់ស្រុតនេះ គឺដោយសារតែគម្រោងចរន្តខ្សែភ្លើងក្រោមដីរបស់ខ្លួន។ ម្ចាស់ម៉ៅការគម្រោងក៏បានចេញមុខមកសុំទោសមហាជន ហើយបានឱ្យដឹងថា គម្រោងមួយនេះ មានទីតាំងស្ថិតនៅតំបន់ស្រទាប់ខ្សាច់របស់ទន្លេចៅផ្រះយ៉ា ដូច្នេះហើយទើបវាធ្វើឱ្យខ្សាច់ស្រុត ជាហេតុធ្វើឱ្យផ្លូវស្រុតដូចគ្នា។
យ៉ាងណាមិញ ខាងអាជ្ញាធរអគ្គិសនីបានឱ្យដឹងទៀតថា គេកំពុងតែប្រញាប់ជួសជុលផ្លូវជាបន្ទាន់ ហើយគេសង្ឃឹមថានឹងបើកឱ្យមហាជនធ្វើដំណើរវិញនៅថ្ងៃអង្គារ ទី ៩ ខែមេសា ឆ្នាំ ២០២៤ ខាងមុននេះផងដែរ៕