ថៃប្រកាសឱ្យពលរដ្ឋនៅខេត្តទាំង ៧ នេះប្រុងប្រយ័ត្ន ព្រោះមានទឹកអាស៊ីតស៊ុលហ្វូរិច ៣០ តោន ហូរពីឡាវចូលមកទន្លេមេគង្គ
តាមការចេញផ្សាយពីសារព័ត៌មាន Bangkok Post បានឱ្យដឹងថា រដ្ឋាភិបាលប្រទេសថៃ កំពុងតែធ្វើការតាមដាមការបំពុលដោយអាស៊ីតស៊ុលហ្វូរិច ក្នុងទឹកទន្លេមេគង្គនាផ្នែកព្រំប្រទល់ជាប់ប្រទេសឡាវ ដោយឱ្យពលរដ្ឋរស់នៅក្នុង ៧ ខេត្តតាមដងទន្លេមេគង្គ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះសារធាតុពុលក្នុងទឹកទន្លេនេះដែលរំពឹងថានឹងហូរនាំទៅដល់ក្នុងប្រទេសថៃ ក្នុងសប្ដាហ៍នេះ។
គួរបញ្ជាក់ដែរថា សារធាតុពុលនេះដែរកើតចេញពីគ្រោះថ្នាក់ចរាចរណ៍មួយនៅក្រុងលួងព្រះបាង ប្រទេសឡាវ ដោយឡានដឹកទំនិញមួយគ្រឿងផ្ទុកអាស៊ីតជាង ៣០ តោន បានក្រឡាប់បណ្ដាលឱ្យអាស៊ីតធ្លាយហូរចូលទន្លេ Nam Khan ដែលជាទន្លេហូរចាក់ទៅក្នុងទន្លេមេគង្គ។
ក្នុងនោះដែរ ខាងការិយាល័យធនធានទឹកប្រចាំប្រទេសថៃ បានប្រកាសឱ្យពលរដ្ឋក្នុងខេត្តចំនួន ៧ នៅតាមដងទន្លេមេគង្គ ដូចជាខេត្ត Loei, Nong Khai, Bueng Kan, Nakhon Phanom, Mukdahan, Amnat Charoen និង Ubon Ratchathani ឱ្យត្រួតពិនិត្យមើលគុណភាពទឹកទន្លេ ដែលហូរកាត់ពីកន្លែងកើតហេតុក្នុងប្រទេសឡាវនោះ៕