ប្រជាពលរដ្ឋខ្មែរយើងជាច្រើនផ្ទុះការចាប់អារម្មណ៍ និងនាំគ្នាទៅថតរូបលេងកម្សាន្ត នៅទីតាំងសេះសមុទ្របាញ់ទឹក
ទោះបីជារូបសំណាក សេះសមុទ្របាញ់ទឹក ដែលជាហេដ្ឋារចនាសម្ព័ន្ធថ្មីនៅលើទឹកដីខេត្តកំពត មិនទាន់សាងសង់រួចរាល់ជាស្ថាពរ ១០០% ក្ដី តែថ្មីៗនេះ មានប្រជាពលរដ្ឋខ្មែរយើងជាច្រើនផ្ទុះការចាប់អារម្មណ៍ និងនាំគ្នាទៅថតរូបលេងកម្សាន្ត នៅទីតាំងសេះសមុទ្របាញ់ទឹក ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត។
ជាក់ស្ដែង ក្រៅពីការកម្សាន្តនៅតាមបណ្ដោយព្រែកខេត្តកំពត ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើន បានឈាងចូលលេងកន្លែងថ្មីដែលមានរូបសំណាកសេះសមុទ្របាញ់ទឹក នៅតាមបណ្ដោយព្រែក ដែលសាងសង់ជិតរួចរាល់ជាស្ថាពរ ត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកម្សាន្តលេងនាឱកាស បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ។
សូមបញ្ជាក់ផងដែរ រូបសំណាកសេះសមុទ្រដ៏ធំនេះ រួមទាំងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក្នុងភូមិសាស្ត្រខេត្តកំពត បើតាមការឱ្យដឹងពីរដ្ឋបាលខេត្តកំពត កាលពីថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៤ កន្លងទៅ បានបញ្ជាក់ថា ក្រុមជាងកំពុងតែពន្លឿនការៀបចំពង្រីកសួនកម្សាន្ត កន្លែងហាត់ប្រាណ កន្លែងមើលថ្ងៃលិច និង សាងសង់រូបសំណាក់ សេះសមុទ្រ ឱ្យបានរួចរាល់មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ ដើម្បីបង្កើនសោភ័ណ្ឌភាព ក៏ដូចជាទាក់ទាញភ្ញៀវទេសចរ៕
សូមទស្សនាវីដេអូនៅខាងក្រោម ៖
រូបភាពដោយ ៖ បេះដូងកំពត