ឆ្នាំនេះដឹងតែសប្បាយហើយ! ខេត្តសៀមរាប នឹងរៀបចំសៀមរាបសង្ក្រានឆ្នាំថ្មីរយៈពេលបួនថ្ងៃ
គិតត្រឹមថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២៤ នេះ គឺសល់ត្រឹម ៥ ថ្ងៃទៀតប៉ុណ្ណោះ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង និងឈានចូលមកដល់ ខណៈនៅតាមខេត្តក្រុងនានានៅកម្ពុជា ដុតដៃដុតជើងរៀបចំកម្មវិធីសង្ក្រាន្ត ដើម្បីជួបជុំកម្សាន្តអបអរទេវតាឆ្នាំថ្មី។
ជាក់ស្ដែង នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ក្រុមការងារបាន និងកំពុងរៀបចំពិធីនានា និងការតុបតែងលម្អរៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិនាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខាងមុខ ដែលរដ្ឋបាលខេត្តសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប នឹងរៀបចំសៀមរាបសង្ក្រានឆ្នាំថ្មីរយៈពេលបួនថ្ងៃ គឺចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៤។
ជាមួយនឹងការរៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តនេះផងដែរ តាមរយៈផេកឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានបង្ហាញពីទិដ្ឋភាពតម្រៀបពាងទាំងជួរៗ ត្រៀមសម្រាប់ថ្ងៃសង្ក្រាន្ត ដែលបញ្ជាក់ឱ្យដឹងថា នោះគឺជាតំបន់ «តស់ តស់ លេងទឹក» ដែលជាតំបន់មួយក្នុងកម្មវិធីជាច្រើនរបស់សៀមរាបសង្ក្រាន្ត ២០២៤ ដែលតំបន់លេងទឹក ឬតំបន់ស្រស់ស្រាយនេះ មានទីតាំងនៅលើផ្លូវ និងសួនច្បារ Grand Hotel៕
រូបភាព ៖ Prak Sophoan