រំជួលចិត្ត! ពលរដ្ឋកូរ៉េរាប់ពាន់នាក់ នាំគ្នាឈរហាលភ្លៀង ចាំជូនដំណើរខ្លាឃ្មុំផេនដា Fu Bao ត្រឡប់ទៅប្រទេសចិនវិញ

ពលរដ្ឋកូរ៉េខាងត្បូងប្រមាណជា ៦ ពាន់នាក់ បាននាំគ្នាទៅសួនសត្វ Everland ដើម្បីធ្វើការលាគ្នាជាមួយសត្វខ្លាឃ្មុំផេនដា Fu Bao ដោយសត្វខ្លាឃ្មុំនេះ ត្រូវបញ្ជូនត្រឡប់ទៅកាន់ប្រទេសចិនវិញ។

កាលពីព្រឹកថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅ សួនសត្វ Everland ដែលជាសួនសត្វធំជាងគេបំផុតក្នុងប្រទេសកូរ៉េ បានធ្វើកម្មវិធីលាគ្នាមួយ សម្រាប់សត្វខ្លាឃ្មុំផេនដា Fu Bao ដោយវាត្រូវបានបញ្ជូនត្រឡប់ទៅកាន់ខេត្ត Sichuan ប្រទេសចិន។ អំឡុងពេលដែលខ្លាឃ្មុំដ៏គួរឱ្យស្រឡាញ់មួយក្បាលនេះ ត្រូវបានដឹកតាមឡានចេញពីសួនឆ្ពោះទៅកាន់ព្រលានយន្តហោះ ឃើញថាមានមនុស្សជាច្រើនប្រមាណ ៦ ពាន់នាក់ បាននាំគ្នាយកឈរទាំងហាលភ្លៀង ដើម្បីធ្វើការលាគ្នាពោរពេញដោយក្ដីនឹករឭក និងរំជួលចិត្តបំផុត។

តាមរូបភាពបានបង្ហាញឱ្យឃើញថា ពលរដ្ឋកូរ៉េរាប់ពាន់នាក់ បាននាំគ្នាឈរតម្រង់ជួរអមសងខាងផ្លូវមុខរបងសួនសត្វ ដោយខ្លះមករង់ចាំតាំងពីម៉ោង ៤ ភ្លឺឯណោះ។ អ្វីដែលកាន់តែរំជួលចិត្តខ្លាំងជាងនេះនោះ ដោយក្ដីស្រឡាញ់ចំពោះសត្វខ្លាឃ្មុំផេនដា Fu Bao ពួកគេស៊ូទ្រាំចាំជូនដំណើរលាគ្នា ទាំងមេឃកំពុងភ្លៀង ខ្លះបដាលម្អដោយផ្កា អមដោយសារមួយចំនួន មើលទៅក្ដុកក្ដួលជាខ្លាំង។

បច្ចុប្បន្ន សត្វខ្លាឃ្មុំផេនដា Fu Bao បានបញ្ជូនទៅដល់សួនសត្វ Wolong National Park ខេត្ត Sichuan ដោយសុវត្ថិភាពហើយ និងកំពុងត្រូវបានមើលថែទាំបានយ៉ាងល្អនៅទីនោះ។ គួរបញ្ជាក់ផងដែរថា ខ្លាឃ្មុំផេនដា Fu Bao គឺជាខ្លាឃ្មុំផេនដាដំបូងដែលបានកើតក្នុងប្រទេសកូរ៉េខាងត្បូង។ វាជាកូនរបស់សត្វខ្លាឃ្មុំឈ្មោលអាយុ ១១ ឆ្នាំឈ្មោះ Le Bao និងខ្លាឃ្មុំញីអាយុ ១០ ឆ្នាំឈ្មោះ Ai Bao។ ខ្លាឃ្មុំផេនដាទាំងពីរនេះ ត្រូវបានយកមកកាន់កូរ៉េខាងត្បូង ក្នុងឆ្នាំ ២០១៦។ Fu Bao បានកើតក្នុងខែកក្កដា ឆ្នាំ ២០២០ ហើយវត្តមានរបស់គេនេះហើយ បានឆក់យកបេះដូងប្រជាជនកូរ៉េគ្រប់គ្នា៕

អត្ថបទដែលជាប់ទាក់ទង