កាន់តែរំភើបចិត្ត ជូរី ល្អហួស ត្រូវបានសម្តេចតេជោ ហ៊ុន សែន ចូលទៅបញ្ចេញមតិលើកសរសើរ
កាលពីថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅនេះ ក្រោយពីដណ្តើមបានមកុដ Miss Preteen Junior Idol World 2024 ពីប្រទេសថៃ បវរកញ្ញាយុវតីកម្ពុជា ជូរី ល្អហួស បានវិលត្រឡប់មកកាន់មាតុប្រទេសវិញហើយ ដោយក្នុងនោះមានអ្នកគាំទ្រជាច្រើនបានទៅទទួលស្វាគមន៍ម្ចាស់មកុដរូបនេះពីព្រលានយន្តហោះយ៉ាងគគ្រឹគគគ្រេង។
ក្រោយទទួលបានជ័យលាភីមកកាន់កម្ពុជាយ៉ាងមោទក ជូរី ល្អហួស មិនត្រឹមតែទទួលបានការស្ញើចសរសើរពីមហាជនអ្នកគាំទ្រនោះទេ ពោលគឺមានស្ថាប័នធំៗក្នុងប្រទេសកម្ពុជារួមមាន ក្រសួងកិច្ចការនារី ក៏បានចូលរួមអបអរសាទរដល់ម្ចាស់មកុដ Miss Preteen Junior Idol World 2024 ខាងលើនេះដែរ។ លើសពីនោះ អ្វីដែលកាន់តែរំភើបចិត្តទៅទៀត ជូរី ល្អហួស ក៏ត្រូវបានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចូលទៅបញ្ចេញមតិលើកសរសើរថែមទៀតថា ៖ «កូនស្រី ធ្វើបានល្អណាស់ដើម្បីកម្ពុជា។ ប្រជាជនកម្ពុជា ពិតជាមានមោទកភាព និង គាំទ្រភាពតំណាងរបស់កូនស្រី»។
ភ្លាមៗមិនបង្អង់ ដោយក្តីរំភើប និង គោរព ជូរី ល្អហួស ក៏បានឆ្លើយតបយ៉ាងមានន័យទៅកាន់សម្តេចតេជោ ហ៊ុន សែន ថា ៖ «ចៅស្រីពិតជារំភើបយ៉ាងខ្លាំង ដែលលោកតាបានកោតសរសើរដល់រូបចៅស្រីចៅក៏សូមអបអរសាទរដល់លោកតាដែលលោកតាបានក្លាយជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាសម័យប្រជុំពេញអង្គលើកដំបូងនីតិកាលទី ៥ នៅក្នុងថ្ងៃនេះ។ នាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិដ៏ខ្លីខាងមុខ ចៅសូមបួងសួងដល់អស់ទេវតា ជាពិសេសទេវតាឆ្នាំថ្មី ព្រះនាម មហោទរាទេវី ដែលជាទេវតានឹងមរក្សាឆ្នាំថ្មី ឆ្នាំរោង សូមឱ្យលោកតាមានសុភាពល្អ មានសេចក្ដីសុខទាំងក្រុមគ្រួសារ និង ជាម្លប់សន្ដិភាព និង ការអភិវឌ្ឍន៍ជានិច្ច»៕