រដ្ឋាភិបាលរៀបចំបញ្ចូល កម្មវិធីសង្ក្រាន្តនិងវប្បធម៌ខ្មែរ១១ទៀត ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក
ថ្លែងក្នុងពិធីសម្ពោធឆ្លងព្រះបទុមចេតិយ វត្តមណីរតនារាម ខេត្តពោធិ៍សាត់ កាលពីព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានគូសបញ្ជាក់ថារដ្ឋាភិបាលកម្ពុជាគ្រោងនឹងដាក់បញ្ចូល វប្បធម៌ខ្មែរប្រមាណ១២ប្រភេទ ចុះបញ្ជើសម្បត្តិបេតិកភណ្ឌពិភពលោកទៅអង្គការយូណេស្កូ ដោយក្នុងនោះរួមមានសង្រ្គាន្តនៅប្រទេសកម្ពុជាផងដែរ។
ក្នុងនោះសម្តេចធិបតីបានបញ្ជាក់ថា សម្បត្តិវប្បធម៌ខ្មែរដែលរដ្ឋាភិបាលកម្ពុជាគ្រោងនឹងស្នើចុះបញ្ជើរួមមានដូចជា៖ គុកទួលស្លែង, មន្ទីរ ម១៣, សារមន្ទីរជើងឯក,ប្រាសាទបន្ទាយឆ្មារ, ប្រាសាទភ្នំដា, តំបន់ភ្នំព្រះរាជទ្រព្យ, ប្រាសាទព្រះខ័នកំពង់ស្វាយ, ប្រាសាទបេងមាលា, និង រមណីយដ្ឋានបុរាណវិទ្យាភ្នំគូលែន។ ដោយឡែកចំពោះការគ្រោងចុះបញ្ជើលើបេតិកភណ្ឌវប្បធម៌អរូបីរួមមានដូចជា៖ ក្រមាខ្មែរ, អាពាហ៍ពិពាហ៍ខ្មែរ និង សង្ក្រាន្តនៅកម្ពុជា ផងដែរ។
ទន្ទឹមនឹងនេះសម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ត្រៀមរៀបចំឯកសារ ឱ្យរួចរាល់នៅឆ្នាំក្រោយនេះ និងអាចចូលក្នុងបញ្ជីបេតិកភណ្ឌនៅឆ្នាំ២០២៦ ដើម្បីកុំឱ្យមានមន្ទិលសង្ស័យផ្សេងៗ ខណៈសម្តេចធិបតីក៏បានបញ្ជាក់ផងដែរថាដំណើរការចុះបញ្ជើបេតិកភណ្ឌពិភពលោក ជាធម្មតាត្រូវការពេលវេលាជិត២ឆ្នាំ៕