ជូរី ល្អហួស បានតុបតែងខ្លួនគ្រងនូវឈុតទេវតាឆ្នាំថ្មី ឆ្នាំរោង ព្រះនាង មហោទរាទេវី ដែលជាទេវតាត្រូវយាងចុះមកគ្រប់គ្រងផែនដីនាឆ្នាំនេះ

គិតមកទល់ពេលនេះសល់មិនប៉ុន្មានថ្ងៃទៀតទេ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនឹងឈានមកដល់។ ក្នុងនោះ ជារៀងរាល់ឆ្នាំគេតែងបានឃើញអ្នកសិល្បការិនីខ្មែរយើង តែងខ្លួនជាតួអង្គទេវតាឆ្នាំថ្មីទៅតាមឆ្នាំនីមួយៗដើម្បីត្រៀមស្វាគមន៍ឆ្នាំថ្មីប្រពៃណីជាតិដែលមួយឆ្នាំប្រារព្ធធ្វើម្តង។

យ៉ាងណាមិញ ខណៈពិធីបុណ្យប្រពៃណីដ៏ធំមួយនេះជិតឈានចូលមកដល់ គេក៏បានឃើញ ជូរី ល្អហួស ដែលជា Miss Pre-Teen Cambodia 2024 បានតុបតែងខ្លួនគ្រងនូវឈុតទេវតាឆ្នាំថ្មី ឆ្នាំរោង ព្រះនាង មហោទរាទេវី ដែលជាទេវតាត្រូវយាងចុះមកគ្រប់គ្រងផែនដីនាឆ្នាំនេះ។ ជាមួយនឹងការគ្រងឈុតទេវតានោះដែរ មហាជនប្រុសស្រីបានលាន់មាត់សរសើរមិនដាច់ពីរូបសម្រស់ ល្អហួស ដែលសមសួនទៅនឹងឈុតប្រពៃណីខ្មែរខ្លាំងណាស់។

គួរបញ្ជាក់ថា ព្រះនាង មហោទរាទេវី ជាបុត្រីទី ៧ នៃ កបិលមហាព្រហ្ម មានអម្ពរពស្ត្រា ៖ ពណ៌ព្រីងទុំ ចនព្រះកាណ៌ ៖ ដោយសៀតផ្កាត្រកៀត (ផ្កាកំប្លោក) អាភរណៈ ៖ គ្រឿងអលង្ការត្បូងប្រដាប់កាយទ្រង់ពាក់ «កែវនីលរ័តន៍» (ត្បូងកណ្ដៀងពណ៌ខៀវ) ភក្សាហារ ៖ ទ្រង់សោយទ្រាយ ពពួកសត្វចតុបាតជើងបួន សាស្ត្រាវុធក្នុងព្រះហត្ថ ៖ ឆ្វេងកាន់ «ត្រីសូល៍» (លំពែងមុខបី) សាស្ត្រាវុធក្នុងព្រះហត្ថ ៖ ស្ដាំកាន់ «ចក្រា» (កងចក្រ) យាន្តជំនិះ ៖ គង់លើ «មយូរា» ជាទេពនិករ (សត្វក្ងោក) ដែលតែងតែយាងចុះមករក្សាដែនជម្ពូទ្វីប នៅពេលសង្ក្រាន្ដត្រូវនឹងថ្ងៃសៅរ៍ទី ១៣ ខែមេសា ឆ្នាំ ២០២៤ ខាងមុខនេះ៕

រូបភាពពី ៖ Love Studio Cambodia

អត្ថបទដែលជាប់ទាក់ទង