ឈាមស្រែកស្បែកហៅ សមត្ថកិច្ច តាមចាប់ ឃា.តករស-ម្លា-ប់ នារីជាសង្សារ ដល់ក្រុងបាវិត
ស្វាយរៀង ៖ ទីបំផុត! សមត្ថកិច្ចចាប់ខ្លួនបានហើយ ជនដៃដល់ដែលសម្លាប់អតីតសង្សារដល់ក្នុងផ្ទះ រហូតរត់ទៅដល់ក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី១៨ខែ១០ ឆ្នំា២០២៣នេះ ។
ប្រភពព័ត៌មានបានបញ្ជាក់ថា ថ្ងៃនេះចប់ការងារនៅខេត្តស្វាយរៀងហើយ ទៅភ្នំពេញវិញហើយ ២យប់២ថ្ងៃ ទើបចាប់បានជនដៃដល់ ។
សូមរំលឹកព័ត៌មាន ! កាលពី យប់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ នៅចំណុចផ្ទះលេខ១២៩ ផ្លូវE បុរីពិភពថ្មី ឈូកមាស ស្ថិតក្នុងភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
នារីរងគ្រោះនេះ មានឈ្មោះ ជឿន ស្រីហុង ភេទស្រី អាយុ៣៥ឆ្នាំ មានលំនៅភូមិចង្ក្រង ឃុំចង្ក្រង ស្រុកចិត្របុរី ខេត្តក្រចេះ ស្នាក់នៅផ្ទះកើតហេតុនេះ ។ នាងត្រូវបានជនដៃដល់ ដែលគេអះអាងថា ជាសង្សារ មិនស្គាល់អត្តសញ្ញាណ ប្រដាប់ដោយកាំបិតប៉័តតោ ពាក់មួកសុវត្ថិភាព ចូលទៅកាប់នាងជាច្រើនកាំបិ.តដល់ក្នុងផ្ទះតែម្ដង ។ ទោះបីជានារីរងគ្រោះខំរត់គេចខ្លួនឡើងទៅជាន់លើក៏ដោយ ក៏ជនដៃដល់តាមកាប់គ្មានប្រណី។
នៅមុនពេលកើតហេតុ នារីរងគ្រោះកំពុងតែដាំស្ល ស្រាប់តែបុរសជាដៃដល់ពាក់មួកសុវត្ថិភាពបានចូលទៅកាប់ជនរងគ្រោះជាមួយនឹងកាំបិតប៉័ងតោ។ ភ្លាមៗនោះ ជនរងគ្រោះបានរត់ឡើងទៅជាន់លើ តែត្រូវជនដៃដល់តាមកាប់ទៀត បណ្តាលឱ្យនារីរងគ្រោះដេកក្នុងថ្លុកឈាម ហើយត្រូវម្ចាស់ផ្ទះហៅបងប្អូនទាក់ទងរថយន្តបញ្ជូននាងទៅសង្គ្រោះបន្ទាន់ ប៉ុន្តែជាអកុសលនាងក៏បានស្លាប់បាត់បង់ជីវិតគួរឱ្យអាសូរ។
ស្ត្រីជាម្ចាស់ផ្ទះឈ្មោះ ម៉ៅ ម៉ាឡែន បានឲ្យដឹងថា ជនរងគ្រោះបានមកធ្វើការនៅផ្ទះរបស់ខ្លួនតាំងខែមករា ឆ្នាំ២០២៣។ កន្លងមក នៅអំឡុងខែមេសា ខណៈពេលទៅលេងស្រុក រួចត្រឡប់មកវិញ នាងប្រាប់ថា ត្រូវបានមិត្តប្រុសកាប់ បណ្តាលឱ្យរងរបួសក្បាលដេរ៥ថ្នេរ។
ម្ចាស់ផ្ទះបន្តថា «លុះនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ជនរងគ្រោះក៏បានសុំទៅលេងស្រុកកំណើត ហើយក៏ត្រឡប់មកវិញនៅល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ មិនបានប៉ុន្មានម៉ោងផង ខណៈពេលដែលនាងកំពុងតែនៅក្នុងបន្ទប់ ស្រាប់តែឮសម្លេងជនរងគ្រោះស្រែក រូបគាត់ក៏បានបើកទ្វារបន្ទប់មកមើល ស្រាប់តែឃើញជនរងគ្រោះត្រូវបានបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ពាក់មួកសុវត្ថិភាព ពាក់អាវយឺតដៃវែង ស្លៀកខោជើងខ្លី ហើយនៅក្នុងដៃមានកាន់កាំបិតប៉័ងតោ បានកាប់ទៅលើជនរងគ្រោះដែលព្យាយាមរត់គេចខ្លួនឡើងទៅជាន់លើ។
ម្ចាស់ផ្ទះបន្តទៀតថា «ភ្លាមៗនោះ ជនដៃដល់បានរត់គេចខ្លួនបាត់ បន្ទាប់ពីកាប់នៅលើនារីរងគ្រោះ តែគ្រានោះជនដៃដល់បានយកកាំបិតប៉័ងតោទៅបោះចោលក្រោមដើមជ្រៃ នៅសួនច្បារពីខាងមុខផ្ទះផងដែរ។ សពជនរងគ្រោះត្រូវបានជនដៃដល់កាប់ជាច្រើនកាំបិត ចំ.ក និងស្មា បណ្តាលឱ្យស្លាប់នៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត»។ នារីរងគ្រោះ គឺជាស្ត្រីពោះម៉ាយ ដែលប្តីលែងលះគ្នា។ ក្រោយមក នាងក៏មានទំនាក់ទំនងស្នេហាជាមួយបុរសម្នាក់ ហើយបុរសនោះក៏ធ្លាប់ទៅតាមនាងដល់មុខផ្ទះ និងធ្លាប់ត្រូវសន្តិសុខដេញចេញផងដែរ។ ទោះបីជាយ៉ាងណា គេពុំដឹងទាន់ដឹងឱ្យប្រាកដថា តើបុរសជាដៃដល់រូបនោះមានគំនុំរឿងអ្វីនោះទេ បានជាចូលកាប់នារីជាសង្សារដល់ក្នុងផ្ទះបែបនេះ?៕