ទឹកចិត្តដ៏ល្អប្រពៃរៀបការរួច ហេង វិសាល និង ស្រីនា យកចំណងដៃបរិច្ចាគជូនពេទ្យគន្ធបុប្ផា និង ពេទ្យកុមារអង្គរ
ពេលនេះ Influencer ប្រុសស្រីល្បីឈ្មោះ ហេង វិសាល និង ជា ស្រីនា បានក្លាយជាប្ដីប្រពន្ធស្របច្បាប់ និង តាមប្រពៃណីហើយ ក្រោយពីរៀបចំពិធីអាពាហ៍ពិពាហ៍ដ៏កក្រើក និង សែនរំភើបផ្អែមល្ហែមគួរឱ្យច្រណែនបំផុតកាលពីថ្មីៗកន្លងទៅនេះ។
ដោយឡែក បន្ទាប់ពីរៀបចំពិធីមង្គលចប់រួចរាល់ គូស្វាមីភរិយាថ្មីដ៏គួរឱ្យច្រណែនមួយគូនេះ កាន់តែធ្វើឱ្យមហាជនចាប់អារម្មណ៍ និង កំពុងសរសើរខ្លាំងពីទឹកចិត្តដ៏ល្អប្រពៃរបស់អ្នកទាំងពីរ ដែលបានចែករំលែកក្ដីស្រឡាញ់ជួយទៅកាន់កុមារកម្ពុជា ដោយបានចំណាយថវិកាជូនទៅមន្ទីរពេទ្យគន្ធបុប្ផាចំនួន ៥០០០ ដុល្លារ និង មន្ទីរពេទ្យកុមារអង្គរ ចំនួន ៥០០០ ដុល្លារ។
នេះបើតាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់លោក ហេង វិសាល បានបង្ហោះរៀបរាប់ថា ៖ «បន្ទាប់ពីកម្មវិធីរបស់ពួកយើងត្រូវបានបញ្ចប់ ពួកយើងពិតជាទទួលបានក្តីស្រឡាញ់ និង ភាពកក់ក្តៅពីបងប្អូនទាំងអស់គ្នា ហើយក៏ដូចរាល់ដងក្តីស្រឡាញ់នេះមិនគួរបញ្ចប់ត្រឹមតែពួកយើងទេ ថ្ងៃនេះខ្ញុំ និង ភរិយានឹងចែកចាយភាពកក់ក្តៅទាំងអស់នេះបន្តទៅកាន់កុមារកម្ពុជារបស់ពួកយើងដែរ។ ជូនបុណ្យផងណា»៕