អ្នកនាង ខៀវ សានសាណា បង្ហោះសាររៀបរាប់ទម្លាយពីអារម្មណ៍របស់ខ្លួនក្នុងនាមជារៀមច្បងទៅកាន់វណ្ណដា និង ជី ដេវីត
ពិតណាស់ មហាជនអ្នកគាំទ្រលើបណ្ដាញសង្គមទាំងហ្វេសប៊ុក និង TikTok កំពុងផ្ទុះការចែករំលែកខ្លាំងពីសកម្មភាពរវាងកំពូលតារាចម្រៀងរ៉េប វណ្ណដា និង ជី ដេវីត ឈរជជែកគ្នានៅក្នុងកម្មវិធីមង្គលការរបស់ ហេង វិសាល និង ជា ស្រីនា យប់មិញនេះ។ លើសពីនេះ អ្វីដែលធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលខ្លាំង គឺពេលឃើញលោក វណ្ណដា និង ជី ដេវីត ឈរជជែកគ្នាយ៉ាងស្និទ្ធស្នាល ព្រមទាំងចាប់ដៃគ្នាថែមទៀតផង។
ចំពោះសកម្មភាពនៃការជួបគ្នារបស់កំពូលតារារ៉េបទាំងពីរ មហាជនអ្នកគាំទ្រជាច្រើន ក៏បានចាប់អារម្មណ៍ និង សរសើរចំពោះពិធីការិនីរៀមច្បងអ្នកនាង ខៀវ សានសាណា ជាខ្លាំង ខណៈសង្កេតឃើញថា អ្នកនាងគឺជាបុគ្គលមួយរូបដែលបានសម្របសម្រួល បង្កើតឱកាសឱ្យតារាចម្រៀងរ៉េបទាំងពីរ បានជួបជជែកគ្នាយ៉ាងស្និទ្ធស្នាលបែបនេះ។
យ៉ាងណាមិញ ក្រោយបានក្លាយជាចំណែកមួយនៃការជួបជជែកគ្នាយ៉ាងស្និទ្ធរបស់តារាចម្រៀងរ៉េបទាំងពីរ ក៏បានឃើញអ្នកនាង ខៀវ សានសាណា បង្ហោះសាររៀបរាប់ទម្លាយពីអារម្មណ៍របស់ខ្លួនក្នុងនាមជារៀមច្បងទៅកាន់តារាចម្រៀងប្រុសទាំងពីរូបនេះយ៉ាងកក់ក្ដៅបំផុត។
ក្នុងនោះ អ្នកនាង ខៀវ សានសាណា បានរៀបរាប់ថា ៖ «បងសាណាស្រលាញ់ប្អូនទាំង ២ ណាស់។ សូមឱ្យគុណធម៌ស្ថិតក្នុងបេះដូងយើងទាំងអស់គ្នា។ ពេលយើងចាស់ចិត្ត ចាស់គំនិត បន្តិចទៀត ទើបយើងដឹងថាគ្មានអ្វីប្រសើរជាងក្តីស្រលាញ់ដោយគ្មានការខឹងតបតអ្វីទាំងអស់ ព្រោះយើងដឹងថាការពិតប៉ាម៉ាក់បានបង្កើតយើងឱ្យមានបេះដូងល្អបំផុត»៕