ជនជាតិចិន បើករថយន្តក្នុងល្បឿនលឿនជ្រុល ទៅបុកបង្គោលបាក់រលំលើផ្ទះពលរដ្ឋ
ភ្នំពេញ៖ ជនជាតិចិន បើកបររថយន្តស៊េរីទំនើប Mercedes AMG S63 ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ2C-7777 ក្នុងល្បឿនលឿនដូចហោះ ជ្រុលទៅបុកបង្គោលភ្លើងមួយដើម បណ្តាលឲ្យបាក់ទ្រេត ទៅលើរបងផ្ទះប្រជាពលរដ្ឋទាំងព្រឹកព្រលឹម។
ហេតុការណ៍នេះបានកើតឡើងកាលពី ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ទីតាំងកើតហេតុស្ថិតនៅចំណុចក្រោមស្តុបលង្កា វិថីព្រះសុរាម្រិត ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បុរសជនបរទេសម្នាក់ រួមដំណើរជាមួយនិងជនបរទេសដូចគ្នា ប្រុសស្រី៣នាក់ទៀត បានបើករថយន្តយ៉ាងលឿនរេចង្កូត ទៅបុកបង្គោលភ្លើងពេញទំហឹង បណ្តាលឲ្យបាក់មួយដើមសង្កត់លើរបងផ្ទះពលរដ្ឋ។
នៅមុនពេលកើតហេតុគេឃើញបុរសជនបរទេសម្នាក់ រួមដំណើរជាមួយបុរសនារីជនបរទេសដូចគ្នា៣នាក់ទៀត បានបើករថយន្តស៊េរីទំនើបមែកសឺដែសពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខ ព្រះសីហនុ2C-7777 បើកបរតាមបណ្តោយផ្លូវព្រះសុរាម្រិត ក្នុងទិសដៅពីកើតមកលិច ក្នុងល្បឿនយ៉ាងលឿន ខណៈបើកមកដល់ចំណុចកើតហេតុកែងហ្នឹងផ្លូវ៥១ ស្តុបក្បែររបងវត្តលង្ការ ក៏បានរេចង្កូតជ្រុលទៅបុកបង្គោលភ្លើងថ្មពេញទំហឹងបណ្តាលឲ្យបាក់មួយដើមសង្កត់ទៅលើរបងផ្ទះពលរដ្ឋ ចំណែករថយន្តវិញរងការខូចខាតមួយកំណាត់មុខទាំងស្រុង សំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ទៅដល់មនុស្ស។ ក្រោយមកអ្នកបើកបរនឹងអ្នករួមដំណើរមានរថយន្តមួយគ្រឿង មកដឹកគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។
សមត្ថកិច្ចនគរបាលសង្កាត់ចតុមុខ បានចុះមកដល់កន្លែងកើតហេតុរួច បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឲ្យចុះមកធ្វើកំណត់ហេតុ ស្ទូចយករថយន្តទៅរក្សារទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕