ក្រសួងពាណិជ្ជកម្ម ប្រកាសហាមឃាត់ការប្រើប្រាស់ម៉ាកណាមួយ ដែលដូច និង/ឬត្រាប់តាម ឬមានចំណុចណាមួយដូចសញ្ញាជាតិ ទង់ជាតិ និង និមិត្តរូបប្រទេស ដោយគ្មានការអនុញ្ញាត

នៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៤​ កន្លងទៅនេះ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងមួយ ស្តីពីការហាមឃាត់ការប្រើប្រាស់ម៉ាកដែលដូច និង/ឬត្រាប់តាម ឬមានចំណុចណាមួយ ដូចសញ្ញាជាតិ ទង់ជាតិ និង និមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងសេចក្តីប្រកាសនោះ ក្រសួងពាណិជ្ជកម្ម បានជម្រាបឱ្យបានដឹងថា យោងតាមច្បាប់ស្តីពីម៉ាកពាណិជ្ជនាម និង អំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ មាត្រា ៤ ចែងថា ម៉ាកដែលមិនអាចចុះ បញ្ជីបានគឺជាម៉ាកដែលដូចគ្នា និង/ឬ ត្រាប់តាម ឬមានចំណុចណាមួយដូច សញ្ញាជាតិ ទង់ជាតិ និង និមិត្តរូបផ្សេងៗ ឈ្មោះ ឬឈ្មោះសង្ខេប ឬអក្សរកាត់នៃឈ្មោះ ឬសញ្ញា ឬត្រាជាផ្លូវការ ដែលអនុម័តដោយរដ្ឋណាមួយ អង្គការ អន្តររដ្ឋាភិបាល ឬអង្គការដែលបង្កើតដោយអនុសញ្ញាអន្តរជាតិមួយ លើកលែងតែមានការអនុញ្ញាតពីអាជ្ញាធរមាន សមត្ថកិច្ចនៃរដ្ឋនោះ ឬអង្គការនោះ។

ទន្ទឹមនឹងនេះ យោងតាមព្រះរាជក្រឹត្យ លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០០៥ ស្តីពីការកំណត់ប្រភេទសត្វ និង រុក្ខជាតិ សម្រាប់ជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់យកសត្វគោព្រៃ សត្វត្រយ៉ង អណ្ដើកសរសៃ (អណ្តើកហ្លួង) ត្រីគល់រាំង ដើមត្នោត ផ្ការំដួល និង ផ្លែចេកពងមាន់ ជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា។

ដូច្នេះ ក្រសួងពាណិជ្ជកម្ម សូមធ្វើការហាមឃាត់រាល់ការប្រើប្រាស់ម៉ាកណាមួយ ដែលដូច និង/ឬត្រាប់តាម ឬ មានចំណុចណាមួយដូចសញ្ញាជាតិ ទង់ជាតិ និង និមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា ដោយគ្មានការអនុញ្ញាត ហើយដែលធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ សីលធម៌ ឬទំនៀមទម្លាប់ប្រពៃណីល្អរបស់ជាតិ៕

សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖

អត្ថបទដែលជាប់ទាក់ទង