ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថភ្លើងបុករថយន្តក្រុងដឹកអ្នកដំណើរ ពុំមានអ្នកស្លាប់នោះទេ មានអ្នករងរបួសស្រាលធ្ងន់ ចំនួន០៥នាក់

ខេត្តពោធិ៍សាត់ ៖ នារសៀលថ្ងៃសុក្រ ៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ កើតត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នេះ លោក មោគ ភារម្យ អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ រថភ្លើងបុករថយន្តក្រុងដឹកអ្នកដំណើរ ពុំមានអ្នកស្លាប់នោះទេ មានអ្នករងរបួសស្រាលធ្ងន់ចំនួន០៥នាក់ ប្រជាពលរដ្ឋ និងស្ថាប័នមានសមត្ថកិច្ចបានជួយអន្តរាគមរួចរាល់ហើយ នៅឡើយតែរថភ្លើង និងរថយន្តនៅរមូជាប់គ្នានៅឡើយ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថភ្លើង និងរថយន្តក្រុងដឹកអ្នកដំណើរនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ១១ ព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នៅចំណុចលើផ្លូវដែក ស្ថិតនៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
លោក បញ្ជាក់បន្ថែមថា ហេតុការណ៍នេះ បានកើតឡើងខណៈរថយន្តក្រុងកំពុងធ្វើដំណើរ ក្នុងទិសដៅពីជើងឆ្ពោះទៅទិសខាងត្បូង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថភ្លើងកំពុងបោះពួយមកពីទិសខាងកើត ឆ្ពោះទៅទិសខាងលិចបុករុញទទឹងរថយន្ត បណ្ដាលឲ្យគាប់ជាប់តែម្ដង ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ស្ថិតក្នុងការស្រាវជ្រាវនៅឡើយ កត្តាសំខាន់យើងជួយជនរងរបួសសិន ៕

អត្ថបទដែលជាប់ទាក់ទង