ឃាត់ខ្លួនមេខ្យល់ម្នាក់ ដែលនាំពលរដ្ឋលួចឆ្លងដែនខុសច្បាប់ ចូលទៅក្នុងទឹកដីថៃ
ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា បុរសម្នាក់ ដែលជាមេខ្យល់នាំពលរដ្ឋលួចឆ្លងដែនខុសច្បាប់ ចូលទៅក្នុងទឹកដីថៃ ត្រូវបានកម្លាំងនគរបាលជំនាញស្រុកសំពៅលូន ចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនយកមកសាកសួរ ដេីម្បីចាត់ការតាមច្បាប់។
ករណីឃាត់ខ្លួនមេខ្យល់ខាងលេីនេះ បានធ្វេីឡេីងនៅថ្ងៃទី២៦ ខែមីនាម្សិលមិញនេះ នៅចំណុចភូមិស្រឡៅជ្រុំ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង កម្លាំងជំនាញនគរបាលស្រុកសំពៅលូន រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសិរីមានជ័យ នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន ដឹកនាំដោយលោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានចុះបង្រ្កាបទប់ស្កាត់ករណី ការនាំចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន (បម្រុងចូលទៅក្នុងប្រទេសថៃ) ០១លើក ប្រព្រឹត្តឡើងដោយជនសង្ស័យម្នាក់ ឈ្មោះ ហៀង ភាព ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិគីឡូ៩ ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង (ឃាត់ខ្លួនបាន) បានធ្វើសកម្មភាពទាក់ទងនាំពលករចំនួន ១៧នាក់ នាំឆ្លងដែនពីប្រទេសកម្ពុជា ចូលទៅក្នុងប្រទេសថៃ ឆ្លងអូរព្រំដែនតាមច្រករបៀង ក្នុងភូមិសាស្រ្តស្រុកសំពៅលូន ដោយយកប្រាក់ថ្លៃជូនក្នុងម្នាក់ ២០០០បាត (ពីរពាន់បាត) និង៤០០០បាត (បួនពាន់បាត) មកកាន់អធិការដ្ឋាននគរបាលស្រុកសំពៅលូន ។
តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ហៀង ភាព បានឆ្លើយសារភាពថា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២៤ វេលាម៉ោងប្រហែល០៧ព្រឹក ខ្លួនពិតជាបានទទួលពលករចំនួន ១៧នាក់ តាមរយៈឈ្មោះ គា ភេទប្រុស អាយុប្រហែល ២៩ ឆ្នាំ មានទីលំនៅចំណុចគីឡូ១២ ភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង និងបាននាំចូលទៅក្នុងប្រទេសថៃដោយខុសច្បាប់ប្រាកដមែន ចំពោះពលករក្នុងម្នាក់ខ្លួនយកប្រាក់ពីពួកគេថ្លៃធ្វើដំណើរ និងជូន ២០០០បាត (ពីរពាន់បាត) និង៤០០០បាត (បួនពាន់បាត), ការនាំឆ្លងកាត់អូរព្រំដែនកម្ពុជា-ថៃ ចូលទៅក្នុងប្រទេសថៃ ខ្លួនបានចាត់ចែងឲ្យឈ្មោះ ថា ភេទប្រុស អាយុប្រហែល ៣០ឆ្នាំ, ឈ្មោះ ណុប ភេទប្រុស អាយុប្រហែល ៣០ឆ្នាំ អ្នកទាំងពីរមានទីលំនៅភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង និងឈ្មោះ រត្ន័ ភេទប្រុស អាយុប្រហែល៣០ ឆ្នាំ មានទីលំនៅភូមិឈើទាល ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ចំពោះប្រាក់គឺខ្លួនទទួលពីតៃកុងឡានថៃ យកមកឲ្យឈ្មោះ គា ។ ខ្លួនបានធ្វើការទទួលពលករមកពីខេត្តផ្សេងៗនាំឆ្លងដែនចូលទៅក្នុងប្រទេសដោយខុសច្បាប់ឲ្យឈ្មោះ គា រយៈពេលមួយឆ្នាំជាងមកហើយ មកដល់បច្ចុប្បន្ននេះ ។
កម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូនកំពុងកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធី៕