ថ្ងៃនេះនាថ្ងៃទី ១៨ ខែតុលា! ស្ថានភាពទឹកស្ទឹងព្រែកត្នោត នៅសំណង់ស្ទាក់រលាំងជ្រៃ ឡើងលើសកម្រិត ត្រូវប្រុងប្រយ័ត្ន

ភ្នំពេញៈ នាថ្ងៃទី ១៨ ខែតុលា ឆ្នំា២០២៣នេះ ស្ថានភាពទឹកស្ទឹងព្រែកត្នោត នៅសំណង់ស្ទាក់រលាំងជ្រៃ បានឡើងលើសកម្រិត ត្រូវប្រុងប្រយ័ត្ន ប្រមាណជា ០,១០ ម៉ែត្រ តែក្រុមការងារមន្ទីរធនធានទឹក ខេត្តកំពង់ស្ពឺ អះអាងថា នៅគ្រប់គ្រងបាន ដោយបើកបិទទ្វារទឹក ទៅតាមបច្ចេកទេស គ្រប់គ្រងទឹក តែនៅភាគខាងក្រោម នៃស្ទឹងព្រែកត្នោត ទឹកនៅបន្តកើនឡើង ដោយសារមួយផ្នែក ជាទឹកធ្លាក់ចុះពី ខេត្តកំពង់ស្ពឺ និងមួយផ្នែក ជាទឹកភ្លៀង នៅលើតំបន់នោះ។

លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយម បានប្រាប់ដឹងថា ទឹកស្ទឹងព្រែកត្នោត នៅភាគខាងលើ ក្នុងខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃនេះ (១៨តុលា) បន្តកើនឡើង តែស្ថិតនៅក្នុងស្ថានភាព គ្រប់គ្រងបាន ដោយសារក្រុមការងារ បានបើកទ្វារដោះទឹក ទៅតាមបច្ចេកទេស នៃការគ្រប់គ្រងទឹក និងប្រសិនបើមិនមានភ្លៀងធ្លាក់ ថែមមកទៀត តែពីរថ្ងៃ ទឹកនៅផ្នែក ខាងលើ អាចស្រកចុះ អស់ទៅវិញហើយ។ កាលពីថ្ងៃទី ១៧ ខែតុលា មានភ្លៀងធ្លាក់ ថែមមកទៀត នៅក្នុងភូមិសាស្ត្រ ស្រុកភ្នំស្រួច តែវាមានបរិមាណមិនច្រើនទេ។
ចំណែកទឹកស្ទឹងព្រែកត្នោត នៅផ្នែកខាងក្រោមវិញ លោក ញ៉ាញ់ ជាបហ៊ង បាននិយាយថា អាចនៅបន្តកើនឡើងពីរ ទៅបីថ្ងៃទៀត ដោយសារទឹកមួយផ្នែកធំ ហូរធ្លាក់ចុះ ពីខេត្តកំពង់ស្ពឺ និងមួយផ្នែក ជាទឹកភ្លៀងដែលបានធ្លាក់ នៅលើតំបន់នោះ ផ្ទាល់។

ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ស្ពឺ នៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២៣ បន្តបើកទ្វារទំនប់អាងទឹកតាសាល ចំនួន ៣ ទ្វារ ដោយមួយទ្វារៗ កម្ពស់ ០,៥០ ម៉ែត្រ ។ បើកទ្វារទឹករលាំងជ្រៃ ៥ ទ្វារ មួយទ្វារ កម្ពស់ ៣ ម៉ែត្រ ពីរទ្វារកម្ពស់ ២,៥០ ម៉ែត្រ និងពីរទ្វារ កម្ពស់ ២ ម៉ែត្រ សម្រាប់ទ្វារនីមួយៗ។ កម្ពស់ទឹកនៅតាសាល ១៩,១៤ ម៉ែត្រ ទាបជាងថ្ងៃទី ១៧ ខែតុលា ០,០៦ មីលីម៉ែត្រ នៅពាមឃ្លៃ ទឹកមាន កម្ពស់ ៧ ម៉ែត្រ ខ្ពស់ជាងថ្ងៃទី ១៧ ខែតុលា ១ម៉ែត្រ (ប្រុងប្រយ័ត្ន ៧,៥០ ម៉ែត្រ) នៅរលាំងជ្រៃ ទឹកមានកម្ពស់ ៧,៦០ ម៉ែត្រ ខ្ពស់ជាងថ្ងៃទី ១៧ ខែតុលា ០,០៦ ម៉ែត្រ (កម្ពស់ទឹកត្រូវប្រុងប្រយ័ត្ន ៧,៥០ ម៉ែត្រ) បានន័យថា ទឹកបានឡើងលើសកម្រិត ត្រូវប្រុងប្រយ័ត្ន ០,១០ ម៉ែត្រ។

ស្ថានភាពទឹកភ្លៀងធ្លាក់ រយៈពេល ២៤ ម៉ោង ត្រឹមព្រឹកថ្ងៃទី ១៧ ខែតុលា នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ មានកម្រិតពី ១ ដល់ ៧៦ មីលីម៉ែត្រ ដូចជា នៅតម្រងសាលាស្រុកភ្នំស្រួច មានកម្រិត ៥២ មីលីម៉ែត្រ តម្រងពាមពូល ៣ មីលីម៉ែត្រ តម្រងអូរកូនត្រុំ ៥០ មីលីម៉ែត្រ តម្រងស្រែខ្លុង ៦៨ មីលីម៉ែត្រ តម្រងសាលាស្រុក សំរោងទង ៧៦ មីលីម៉ែត្រ តម្រងរលាំងជ្រៃ ៧ មីលីម៉ែត្រ តម្រងពាមឃ្លៃ ១៤,៨ មីលីម៉ែត្រ តម្រងជណ្តើរកាច់ ១០ មីលីម៉ែត្រ តម្រងអូរតារ័ត្ន ១៦ មីលីម៉ែត្រ តម្រងឃុំស្វាយចចិប ៣ មីលីម៉ែត្រ តម្រងឃុំព្រះខែ ២៥ មីលីម៉ែត្រ តម្រងឃុំផុង ៥ មីលីម៉ែត្រ តម្រងសាលាស្រុកថ្ពង ៨,៨ មីលីម៉ែត្រ តម្រងឃុំយាអង្គ ៥៨ មីលីម៉ែត្រ តម្រងឃុំអមលាំង ១១,៨ មីលីម៉ែត្រ តម្រងចាន់ថ្នាល ៧៦ មីលីម៉ែត្រ តម្រងឃុំជម្ពូព្រឹក្ស ១៨ មីលីម៉ែត្រ តម្រងសាលាស្រុកឱរ៉ាល់ ១៤ មីលីម៉ែត្រ តម្រងឃុំត្រពាំងជោរ ៤ មីលីម៉ែត្រ តម្រងឃុំស្រង់ ១៣ មីលីម៉ែត្រ និងក្រុងច្បារមន ១៣,៨ មីលីម៉ែត្រ ៕

អត្ថបទដែលជាប់ទាក់ទង