បន្ទាប់ពីពិចារណាអស់រយៈពេល ៨ ឆ្នាំ ទីបំផុត រ៉េត សារីតា ធ្វើវាបានហើយ
ប្រឡូកក្នុងវិថីសិល្បៈប៉ុន្មានឆ្នាំមកនេះ រ៉េត សារីតា ទទួលបានជោគជ័យនៅក្នុងអាជីពជាតារាសម្តែង និង ពិធីការិនីគួរឱ្យកត់សម្គាល់។ ទន្ទឹមនឹងសម្រស់អំណោយផលពីធម្មជាតិ រ៉េត សារីតា ក៏តែងមានបំណងបំពេញចំណុចខ្វះខាតមួយរបស់ខ្លួនផងដែរ។ ជាក់ស្តែង តាមរយៈវីដេអូទើបបង្ហោះថ្មីថ្មោងនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន រ៉េត សារីតា បានបង្ហាញអំពីការសម្រេចចិត្តហោះហើរទៅដាំសក់នៅកន្លែងមួយនៅឯបរទេស។
តាមរយៈការបង្ហោះ កញ្ញាបានភ្ជាប់ជាមួយសំណេរយ៉ាងខ្លីថា ៖ «បន្ទាប់ពីពិចារណាអស់រយៈពេល ៨ ឆ្នាំ ទីបំផុតខ្ញុំធ្វើវាបានហើយ»។ ជាការពិត សារីតា បានចេញទៅដាំសក់នៅគ្លីនិកសម្រស់មួយស្ថិតនៅទីក្រុង Istanbul ប្រទេសទួគី។ នៅក្នុងវីដេអូ កញ្ញាបានឈូសសក់ខាងក្រោយសឹងតែទាំងអស់ ប៉ុន្តែកញ្ញាថាការធ្វើនេះគឺលះបង់ដើម្បីឃើញលទ្ធផលវែងឆ្ងាយ អាចពី ៩ ខែ ទៅមួយឆ្នាំទើបឃើញលទ្ធផលស្អាត។
ចំពោះការសម្រេចចិត្តដាំសក់នេះ រ៉េត សារីតា ចង់លើកទឹកចិត្តទៅកាន់មហាជនទាំងប្រុសស្រីដែរថា ៖ «នៅពេលយើងយល់ពីខ្លួនឯង ស្គាល់នូវចំណុចខ្វះខាតខ្លួនឯង យើងបំពេញវាទៅ កុំខ្មាសអៀនក្នុងការបំពេញវាអី សំខាន់ឱ្យតែយើងសប្បាយចិត្ត ហើយសំខាន់មិនប៉ះពាល់អ្នកដទៃ ដូចខ្ញុំអីចឹង ខ្ញុំដឹងថាខ្ញុំខ្វះខាតចំណុចត្រង់ណា ខ្ញុំបំពេញត្រង់ចំណុចនោះ»៕