គួរឲ្យសោកស្ដាយ! អង្គរសង្ក្រាន្ត មិនបានប្រារព្ធឡើងនោះទេនៅឆ្នាំនេះ បន្ទាប់ពីប្រារព្ធជាប់គ្នាក្នុងកំឡុង១០ឆ្នាំមកហើយ

សង្គម៖ ក្រោយពីមានការជជែកវែកញែកនៅក្នុងបណ្ដាញសង្គមអំពី ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ថាតើឆ្នាំនេះ នឹងមានព្រឹត្តិការណ៍នេះកើតឡើងទៀតឬទេ ដើម្បីឲ្យអស់ចម្ងល់គណនីហ្វេសប៊ុកផេករបស់ ​”ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត Angkor Sankranta” បានបង្ហោះសារបញ្ជាក់ប្រាប់មហាជនឲ្យបានជ្រាបថា ឆ្នាំនេះមិនមានព្រឹត្តិការណ៍អង្គរសង្ក្រាន្តទៀតនោះទេ ក្រោយពីបានប្រារព្ធអស់រយៈពេល១០ឆ្នាំកន្លងមកនេះ។

នៅក្នុងនោះ គេបានបង្ហោះសារដែលមានអត្ថន័យថា សូមគោរពជម្រាបសួរលោកយាយ លោកតា អ៊ំ ពូមីងបងប្អូន ជនរួមជាតិខ្មែរ ទាំងក្នុង និងក្រៅប្រទេសដែលស្រលាញ់ និងគាំទ្រព្រឹត្តិការណ៍ «អង្គរសង្រ្កាន្ត»!ក្រុមការងាររៀបចំព្រឹត្តិការណ៍ «អង្គរសង្រ្កាន្ត» មានមោទនភាពដែលបាននាំយកសម្បត្តិវប្បធម៌ដ៏សំបូរបែបរបស់ដូនតាខ្មែរមកដាក់បង្ហាញដល់បងប្អូនប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរណ៍អន្តរជាតិ នៅលើទឹកដីអង្គរចាប់តាំងពីឆ្នាំ២០១៣ រហូតដល់ឆ្នាំ២០២៣។

រយៈពេល១០ឆ្នាំមកនេះ «អង្គរសង្រ្កាន្ត» បានក្លាយជាស្មារតីនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ជាលក្ខណៈមហាគ្រួសារខ្មែរតែមួយ។ សូមបញ្ជាក់ជូនថា គោលបំណងធំមួយរបស់ព្រឹត្តិការណ៍ «អង្គរសង្រ្កាន្ត» គឺការជំរុញទឹកចិត្តដល់ប្រជាពលរដ្ឋទូទៅឱ្យចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ដែលរយៈពេល១០ឆ្នាំចុងក្រោយនេះ ព្រឹត្តិការណ៍សង្រ្កាន្តនានា ត្រូវបានរៀបចំឡើងយ៉ាងផុលផុសនៅតាមបណ្តារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ឃុំ-សង្កាត់ រហូតដល់សង្រ្កាន្តតាមវិទ្យាល័យ និងគ្រឹះស្ថានឧត្តមសិក្សាជាដើម។

បើទោះបីជា «អង្គរសង្រ្កាន្ត» មិនមានវត្តមានក្នុងពីធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ សម្រាប់ឆ្នាំនេះ ក៏ស្មារតី «អង្គរសង្រ្កាន្ត» ក្នុងរយៈពេល១០ឆ្នាំនេះ បានចាក់ឬសគល់យ៉ាងមាំក្នុងបេះដូងប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជន។ ហេតុដូច្នេះហើយ សង្រ្កាន្តនៅតាមបណ្តារាជធានីខេត្តក៏នឹងត្រូវរៀបចំជាធម្មតានៅឆ្នាំនេះ ដូចបណ្តាឆ្នាំកន្លងទៅដែរ។

ជាថ្មីម្តងទៀត ក្រុមការងារអង្គរសង្រ្កាន្តនៅតែចងចាំនូវស្មារតីសាមគ្គីភាព និងការលះបង់ខ្ពស់របស់យុវជនស្ម័គ្រចិត្តទាំងអស់ ដែលបានរួមចំណែកក្នុងការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តអស់រយៈពេល ១០ ឆ្នាំមកនេះ ដែលបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់របស់យុវជនយើង ក្នុងការលើកស្ទួយនូវវប្បធម៌ជាតិ ក៏ដូចជាថែរក្សានូវកេរដំណែលប្រពៃណីរបស់ដូនតាយើងផងដែរ៕

ប្រភព៖ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត Angkor Sankranta

អត្ថបទដែលជាប់ទាក់ទង