ឧកញ៉ា និង អតីតឧកញ៉ា ៣ រូបនេះ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីឆបោកលុយប្រជាពលរដ្ឋ
ថ្មីៗនេះមានឧកញ៉ា និង អតីតឧកញ៉ា ចំនួន ៣ រូប ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធនឹងករណីឆបោកលុយរបស់ពលរដ្ឋជាច្រើនពាន់គ្រួសារ ក្រោមរូបភាពដាក់លុយដើម្បីវិនិយោគ និង ទទួលបានការប្រាក់ខ្ពស់។ តើឧកញ៉ា និង អតីតឧកញ៉ា ៣ រូបនោះ ជានរណាខ្លះ?
១. ឧកញ៉ា ជា សារ៉ន
កាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៣ កន្លងទៅ នគរបាលខេត្តកំពតបានឃាត់ខ្លួនលោក ជា សារ៉ន និង បក្ខពួក ៨ នាក់ផ្សេងទៀត បន្ទាប់ពីប្រជាពលរដ្ឋជាង ២០០០ គ្រួសារ បានតវ៉ាពីរឿងចាញ់បោកការវិនិយោគរបស់ក្រុមហ៊ុន ជា សារ៉ន សរុបជាទឹកប្រាក់ជិត ៤០ លានដុល្លារ។ ក្រោយការឃាត់ខ្លួន ស្នងការនគរបាលខេត្តកំពត បានបញ្ជូនសំណុំរឿងលោក ជា សារ៉ន និង បក្ខពួក ៨ នាក់ផ្សេងទៀត ទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ពាក់ព័ន្ធនឹងបទល្មើសឆបោក ខណៈចៅក្រមសាលាដំបូងខេត្តកំពត បាន និង កំពុងបើកការស៊ើបអង្កេតលើករណីនេះ។
២. អ្នកឧកញ៉ា ហ៊ី គឹមហុង
កាលថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅ អ្នកឧកញ៉ាម្ចាស់ក្រុមហ៊ុនពិភពដីមាស និង បក្ខពួកទាំង ៥ នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅទីស្នាក់ការក្រុមហ៊ុនពិភពដីមាស នៅភូមិត្រពាំងថ្ងាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្រោមការចោទប្រកាន់ពីបទរំលោភសេចក្តីទុកចិត្ត និង ឆបោកពលរដ្ឋរាប់រយគ្រួសារ។ បើតាមរបាយការណ៍ពីស្នងការដ្ឋាននគរបាលខេត្តកំពត ប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងក្រុមហ៊ុនពិភពដីមាស បានមកដាក់ពាក្យបណ្តឹងមានចំនួន ៦៧៨ បណ្តឹង ក្នុងទំហំទឹកប្រាក់ប្រមាណ ១២ ៦៤៧ ៣៥០ ដុល្លារ។ ក្រោយការឃាត់ខ្លួនមួយរយៈ ម្ចាស់ក្រុមហ៊ុនអចលនទ្រព្យ ពិភពដីមាស អ្នកឧកញ៉ា ហុី គឹមហុង រួមទាំងបក្ខពួក ៥ នាក់ទៀត ត្រូវបានសម្រេចដោះលែងឱ្យនៅក្រៅពន្ធនាគារប៉េហ្សុីជាបណ្តោះអាសន្នវិញ នៅព្រឹកថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅនេះ។
៣. អតីតឧកញ៉ា ឡេង ចាន់ណា
អតីតឧកញ៉ា វ័យ ៣៦ ឆ្នាំ អ្នកស្រី ឡេង ចាន់ណា អគ្គនាយិកាក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី និង បក្ខពួក ត្រូវបានសមត្ថកិច្ចខេត្តសៀមរាប ឃាត់ខ្លួនកាលពីថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៤ កន្លងទៅ ពាក់ព័ន្ធនឹងសំណុំរឿងព្រហ្មទណ្ឌកាលពីខែធ្នូ ឆ្នាំ ២០២៣ ដោយ ឡេង ចាន់ណា និង បក្ខពួក ត្រូវប្រជាពលរដ្ឋចោទថាបានបោកលុយជាច្រើនរយលានដុល្លារពីពួកគេ ក្រោមរូបភាពទិញដី ទិញផ្ទះ និង ចូលរួមវិនិយោគដោយទទួលបានការប្រាក់ខ្ពស់ ខណៈអ្នកចូលរួមទាំងនោះទទួលបានប្រាក់ចំណេញតែប៉ុន្មានខែដំបូង រួចហើយក៏លែងបានជារៀងរហូត៕