វិធីសាស្ត្រ ៥ យ៉ាង ចាំបាច់គួរធ្វើក្នុងរដូវក្ដៅនេះ មិនថានៅក្នុងផ្ទះ ឬពេលចេញក្រៅ
ចូលដល់រដូវប្រាំងហើយ អាកាសធាតុក៏កាន់តែឡើងកំដៅខ្លាំងឡើងទៅពីមួយថ្ងៃទៅមួយថ្ងៃ ដែលវាអាចធ្វើឱ្យសុខភាពរបស់អ្នកឆាប់ទន់ខ្សោយ ងាយនឹងឈឺដោយសារតែពិបាកទ្រទ្រង់នឹងកំដៅដ៏ក្ដៅខ្លាំងទាំងនោះបាន។
ជាទូទៅ រដូវក្តៅក្នុងប្រទេសកម្ពុជាក្នុងចន្លោះខែមីនា និងខែមេសា ជាពិសេសក្នុងខែចេត្រ តែម្ដង គឺជាពេលវេលាដែលប្រជាជនខ្មែរ ចេញដើរលេងជួបជុំគ្នាច្រើន មិនថាតាមកម្មវិធីសង្ក្រាន្តឆ្នាំថ្មីនានា ឬក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនោះទេ។ ដូច្នេះហើយ ដើម្បីធានាជាមួយនឹងការជួបជុំគ្នាដ៏រីករាយក្នុងរដូវក្ដៅនេះ អ្នកទាំងអស់គ្នាក៏កុំភ្លេចមើលថែសុខភាពរបស់អ្នកឱ្យខ្ជាប់ខ្ជួន ដោយអនុវត្តតាមវិធីងាយៗ ៥ ចំណុច ដូចខាងក្រោម៖
១. ញ៉ាំទឹកឱ្យបានច្រើន ៖ អាកាសធាតុក្តៅធ្វើឱ្យរាងកាយបាត់បង់ជាតិទឹក ដូច្នេះគួរញ៉ាំទឹកឱ្យបានញឹកញាប់ យ៉ាងហោចណាស់ ៨ កែវក្នុងមួយថ្ងៃ។ ញ៉ាំទឹកកាន់តែច្រើនកាន់តែប្រសើរសម្រាប់សុខភាព ប៉ុន្តែអ្នកមិនគួរញ៉ាំភេសជ្ជៈដែលមានជាតិអាល់កុលច្រើននោះទេ។ ដោយឡែក អ្នកគួរតែញ៉ាំទឹកផ្លែឈើជំនួសភេសជ្ជៈដែលមានជាតិអាល់កុលវិញ ដើម្បីជួយរាងកាយឱ្យមានភាពស្រស់ស្រាយ។
២. ពាក់វ៉ែនតាខ្មៅពេលចេញទៅខាងក្រៅ ៖ ប្រសិនបើអ្នកត្រូវការធ្វើដំណើរចេញទៅខាងក្រៅ គួរពាក់វ៉ែនតាខ្មៅដើម្បីការពារភ្នែកពីពន្លឺព្រះអាទិត្យ ពីកាំរស្មី UVB និង កាំរស្មី UVA ។
៣. គេងឱ្យបានគ្រប់គ្រាន់ ៖ មនុស្សមួយចំនួនមិនអាចគេងលក់ក្នុងអាកាសធាតុក្តៅបែបនេះបានទេ ទើបបណ្តាលឲ្យគេងមិនបានគ្រប់គ្រាន់។ ប្រសិនជាអាច អ្នកគួរគេងថ្ងៃបន្ថែម នោះវានឹងធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយបាន ។
៤. ញ៉ាំអាហារមានប្រយោជន៍ ៖ ជ្រើសរើសញ៉ាំអាហារឆ្អិនល្អ ដើម្បីបងា្ករជំងឺក្រពះពោះវៀន និង រាក ។ ណែនាំឱ្យញ៉ាំផ្លែឈើដូចជាឪឡឹក ម្នាស់ មង្ឃុត ឬ រកផ្លែឈើណាដែលញ៉ាំហើយត្រជាក់ខ្លួន ។
៥. លាបឡេការពារកម្តៅថ្ងៃ ៖ អ្វីដែលអ្នកទាំងអស់គ្នាមិនអាចបំភ្លេចបាន ក្នុងអាកាសធាតុក្តៅបែបនេះ នោះគឺឡេការពារមុខ និងខ្លួនពីកំដៅថ្ងៃ។ អ្នកគួរតែបំប៉ន ឬ លាបឡេការពារកម្តៅថ្ងៃជានិច្ចរាល់ពេលដែលអ្នកចេញទៅខាងក្រៅ ដើម្បីការពារពន្លឺកាំរស្មី UV ជ្រាបចូលទៅក្នុងស្បែករបស់អ្នក៕