អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (ថ្មី) ចាប់ផ្តើមបើកដំណើរការទទួលជើងហោះហើរជាផ្លូវការហើយ !

(សៀមរាប)៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះ អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរ (ថ្មី) ចាប់ផ្តើមបើកដំណើរការ ទទួលជើងហោះហើរលើកដំបូង ជាផ្លូវការហើយ។
ពិធីបើកដំណើរការទទួលជើងហោះហើរផ្លូវការនេះ រៀបចំឡើងក្រោមអធិបតីភាពលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី, លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល , លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមន្ត្រីក្រសួងស្ថាប័នពាក់ព័ន្ធ រួមទាំងក្រុមហ៊ុនវិនិយោគផងដែរ។

សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ២០២០ ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd (AIAI) ក្រោមទុនវិនិយោគប្រមាណ១ ១០០ លានដុល្លារអាមេរិក ដែលជាការវិនិយោគ BOT (សាងសង់ ដំណើរការ និងផ្ទេរមកវិញ) ក្នុងរយៈពេល ៥៥ឆ្នាំ។ ព្រលានយន្តនេះ ត្រូវកសាងឲ្យទៅជាលំដាប់ថ្នាក់ 4E សម្រាប់យន្តហោះធំៗគ្រប់ប្រភេទ ដែលអាចហោះឡើង និងចុះចតបាន។

ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិអង្គរ (AIAI) មានភាគហ៊ុនិក៖ ១៖ ក្រុមហ៊ុនវិនិយោគយូណាន (Yunnan Investment Group) មានភាគហ៊ុនចំនួន ៧៦.៦%, ២៖ ក្រុមហ៊ុនសំណង់យូណាន (Yunnan Construction Group) មានភាគហ៊ុនចំនួន ២០% និង ៣៖ ក្រុមហ៊ុនគ្រប់គ្រង និងប្រតិបត្តិការអាកាសយានដ្ឋានយូណាន (Yunnan Airport Group) មានភាគហ៊ុនចំនួន ៣.៤%៕

អត្ថបទដែលជាប់ទាក់ទង