លោក ឃឹម ហ្វីណង់ បញ្ជាក់ច្បាស់ៗជុំវិញទីផ្សារកសិកម្ម ខណៈមានអ្នកនៅឆ្ងល់រឿងទិន្នផលបានហើយដាក់លក់នៅឯណា
បើនិយាយដល់រឿងកសិកម្មក្នុងស្រុក សង្កេតឃើញថាមួយរយៈនេះ មានបងប្អូនប្រជាកសិករខ្មែរយើងមួយចំនួន បានត្អូញត្អែជុំវិញទីផ្សារលក់ ដោយពួកគេលើកឡើងថា ទិន្នផលដែលពួកគេផលិតបាន គឺមានការពិបាកក្នុងការលក់ចេញ ដោយមិនដឹងថាយកលក់ទៅឱ្យខាងណា។
សំនួរដដែលៗនេះ ត្រូវបានលើកឡើងជាញឹកញាប់ ក្នុងខមមិននៃបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក ឃឹម ហ្វីណង់ ដែលជាហេតុធ្វើឱ្យអនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រូបនេះចេញមកស្រាយបញ្ជាក់យ៉ាងច្បាស់ៗជុំវិញបញ្ហាទីផ្សារកសិកម្មនេះ។
ជាក់ស្ដែង តាមការឆ្លើយតបក្នុងខមមិន លោក ឃឹម ហ្វីណង់បានសរសេររៀបរាប់ថា៖ «សម្រាប់សហគមន៍កសិកម្មទំនើប អ្វីៗត្រូវផ្អែកលើផែនការអាជីវកម្មច្បាស់លាស់ ជាពិសេសផែនការផលិតកម្ម។ «លក់បានហើយទើបផលិត» មិនមែនដាំបានហើយទើបដើររកអ្នកទិញនោះទេ ចំណុចនោះហើយដែលជាភាពខ្លាំងនៃការធ្វើកសិកម្មជាទម្រង់សហគមន៍កសិកម្មទំនើប ដែលកសិករធ្វើតូចៗជាលក្ខណៈគ្រួសារអាចពិបាកនឹងធ្វើបាន។ សហគមន៍ប្រភេទនេះ អាចតភ្ជាប់ទៅកាន់ទីផ្សារទុកជាមុន តាមរយៈការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា ដែលជាកិច្ចសន្យាមានទម្ងន់ អាចចាប់បង្ខំឱ្យទាំងអ្នកលក់និងអ្នកទិញត្រូវតែអនុវត្តបាន»។
ជាមួយគ្នានោះដែរ ដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់ និងកុំឱ្យបងប្អូនកសិករមួយចំនួននៅមានការយល់ច្រលំរវាងការធ្វើកសិកម្មលក្ខណៈគ្រួសារ និងកសិកម្មលក្ខណៈសហគមន៍ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រូបនេះ បានបន្តទៀតថា៖ «សូមឆ្លើយជារួមតែម្តង ព្រោះជឿថាបងប្អូនកសិករមួយចំនួនអាចនៅយល់ច្រឡំរវាងមានធ្វើកសិកម្មជាលក្ខណៈគ្រួសារ ជាមួយការធ្វើជាលក្ខណៈសហគមន៍។ សហគមន៍កសិកម្មនេះទៀតសោតក៏មានការខុសប្លែកគ្នា រវាងសហគមន៍កសិកម្មបច្ចុប្បន្ន (សហគមន៍តូចៗ សមាជិកផលិតរៀងៗខ្លួន ថ្លៃដើមផលិតខ្ពស់ បច្ចេកទេសច្រើន) និងសហគមន៍កសិកម្មទំនើប(សហគមន៍ធំ មានសមាហរណកម្ម្ខខ្ពស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន សមាជិកទាំងអស់មានផែនការផលិតកម្មរួម និងស្តង់ដាបច្ចេកទេសតែមួយ)»៕