តារាចម្រៀង វណ្ណដា បង្ហោះសារថ្លែងអំណរគុណដល់ឯកឧត្តម ទូច ស៊ាងតាណា ចំពោះការផ្តល់សិទ្ធិអនុញ្ញាតឱ្យរូបលោកយកគំរូភ្លេងបទដើម «ចម្រៀងសោកា»
ពិតណាស់ ថ្មីៗកន្លងទៅនេះ កំពូលតារាចម្រៀងរ៉េបលោក វណ្ណដា ជាមួយនឹងលោក វណ្ណថាន បានរួមគ្នាបញ្ចេញស្នាដៃបទចម្រៀងថ្មី «មិនអាចវិលវិញ» ជាចម្រៀងចង្វាក់ថ្មីប្លែកអារម្មណ៍ដែលលាយបញ្ចូលនឹងចង្វាក់ភ្លេងខ្មែរសម័យទសវត្សឆ្នាំ ៦០ យ៉ាងទាក់ទាញ។
យ៉ាងណាមិញ ចំពោះបទចម្រៀងថ្មីនេះដែរ ក្រោយពីចេញជាផ្លូវការ និង កំពុងទទួលបានចាប់អារម្មណ៍គាំទ្រខ្លាំងពីមហាជនអ្នកគាំទ្រ ក៏បានឃើញតារាចម្រៀងប្រុស វណ្ណដា បង្ហោះសារថ្លែងអំណរគុណដល់ឯកឧត្តម ទូច ស៊ាងតាណា ដែលជាតារាចម្រៀងក្នុងវង់តន្ត្រី ដ្រាកាចំពោះការផ្តល់សិទ្ធិអនុញ្ញាតឱ្យរូបលោកយកគំរូភ្លេងបទដើម «ចម្រៀងសោកា» បញ្ចូលក្នុងបទចម្រៀង «មិនអាចវិលវិញ» ដែលបានបង្កើតរសជាតិថ្មីលាយបញ្ចូលភ្លេងបទសម័យដើមក្លាយជាចង្វាក់បទភ្លេងជំនាន់ថ្មីដ៏ប្លែកចែកជូនមហាជនអ្នកគាំទ្រស្ដាប់។
ក្នុងនោះ លោក វណ្ណដា បានបង្ហោះរូបភាពភ្ជាប់ជាមួយសាររៀបរាប់ថា ៖ «ខ្ញុំបាទ និង ក្រុមការងារ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅកាន់ ឯកឧត្តម ទូច ស៊ាងតាណា ដែលជាតារាចម្រៀងមានសំនៀងរណ្តំមួយរូប នៅក្នុងវង់តន្ត្រី ដ្រាកា (Drakkar Band) ចំពោះការផ្តល់សិទ្ធិអនុញ្ញាត ក្នុងការបញ្ចូលភ្លេងគំរូរបស់បទដើម «ចម្រៀងសោកា» ទៅក្នុងបទចម្រៀង «មិនអាចវិលវិញ» ដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់ និង ស្តាប់ចង្វាក់បទភ្លេងនេះជាថ្មីម្តងទៀត។ ចំពោះដំណើរការធ្វើបទនេះ នឹងមិនអាចធ្វើបានដោយរលូននុះទេ បើគ្មានការគាំទ្រ និង អនុញ្ញាត្តពីឯកឧត្តម ជាមួយគ្នាផងដែរ ឯកឧត្តមបានផ្តល់កិត្តិយសដ៏ធំធេង ចំណាយពេលវេលាដ៏មានតម្លៃមកចូលរួមពិសារអាហារពេលល្ងាច សំណេះសំណាល និង ផ្តល់យោបល់ដល់ក្មួយៗ និង ក្រុមការងារ។ ជាចុងក្រោយខ្ញុំសង្ឃឹមថាពុក ម៉ែ បងប្អូនទស្សនិកទាំងអស់ពេញចិត្ត រីករាយនឹងសណ្តាប់ជាមួយបទ «មិនអាចវិលវិញ» ដែលជាបទទំនុកភ្លេងថ្មី និងស្រលាញ់បទនេះឱ្យច្រើនៗ»៕