ថ្ងៃចូលឆ្នាំខ្មែរ រដ្ឋបាលរាជធានីភ្នំពេញ ហាមពលរដ្ឋលេងល្បែងជះទឹក គប់ស្បោងទឹក ប៉ាតម្សៅ លាបធ្យូង
រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៤ នេះ បានចេញសេចក្ដីណែនាំ ស្ដីពីការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោងឆស័ក ព.ស. ២៥៦៨ គ.ស ២០២៤។
តាមរយៈលិខិតសេចក្ដីណែនាំ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំរដ្ឋបាលខណ្ឌទាំង ១៤ និងរដ្ឋបាលសង្កាត់ទាំង ១០៥ ត្រូវហាមឃាត់ និងទប់ស្កាត់ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ការលេងល្បែងជះទឹក ការជះទឹកមានពណ៌ ឬ ទឹកកខ្វក់ គប់ស្បោងទឹក លាបធ្យូង ឬ ប៉ាតម្សៅ និងការវាយដោយរំពាត់ ឬ ឧបករណ៍រឹងផ្សេងៗដល់អ្នកដំណើរគ្រប់ប្រភេទ ព្រមទាំងហាមឃាត់ និងទប់ស្កាត់ការនាំចូល ចែកចាយ ទិញលក់ផាវ និងគ្រឿងផ្ទុះគ្រប់ប្រភេទដែលបង្កឱ្យមានការភ្ញាក់ផ្អើល អសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពដល់ប្រជាពលរដ្ឋ និងអ្នកដំណើរ។
គួរឱ្យដឹងផងដែរថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤ នឹងប្រព្រឹត្តទៅតាមដំណើរសង្ក្រាន្តដូចតទៅ៖
– ថ្ងៃសៅរ៍ ៥ កើត ខែចេត្រ ត្រូវនឹងថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២៤ វេលាម៉ោង ២២:១៧ នាទីយប់ (ម៉ោង ១០:១៧នាទីយប់) ជាថ្ងៃចូលឆ្នាំថ្មី
– ថ្ងៃអាទិត្យ ៦ កើត ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២៤ ជាថ្ងៃវ័នបត
– ថ្ងៃចន្ទ ៧ កើត ខែចេត្រ ត្រូវនឹងថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២៤ ជាថ្ងៃវ័នបត
– ថ្ងៃអង្គារ ៨ កើត ខែចេត្រ ត្រូវនឹងថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៤ ជាថ្ងៃឡើងស័ក គម្រប់សង្ក្រាន្ត ០៤ ថ្ងៃចប់ដោយបរិបូណ៌ និងចូលឆ្នាំរោង ឆស័ក តរៀងទៅ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖