សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ៖ ផលលាភនៃសុខសន្តិភាព បានធ្វើឲ្យកម្ពុជាមានអ្វីៗទាំងអស់ ហើយប្រជាពលរដ្ឋ រស់នៅប្រកបដោយភាពសម្បូរសប្បាយ
សៀមរាប ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ផលលាភនៃសុខសន្តិភាពបានធ្វើឲ្យកម្ពុជាមានអ្វីៗទាំងអស់ ហើយប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសម្បូរសប្បាយ ជាមួយនឹងការអភិវឌ្ឍ លើគ្រប់វិស័យ។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី ពិធីបើកជាផ្លូវការ “ បុណ្យទន្លេ លើកទី ៨ នៅខេត្តសៀមរាបក្រោមប្រធានបទ “ ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ ”នាល្ងាចថ្ងៃទី១៦ មីនា ២០២៤ សម្តេចមហាបវរធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, កម្ពុជាទទួលបានសុខសន្តិភាពពេញលើផ្ទៃប្រទេស ដែលពុំធ្លាប់មានក្នុងរយៈពេលជាង ៥០០ឆ្នាំក្នុងប្រវត្តិសាស្ត្រ ជាមួយនឹងការអភិវឌ្ឍ លើគ្រប់វិស័យ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបានបញ្ជាក់ថា ជាមួយសុខសន្តិភាព កម្ពុជាបានក្លាយជាគោលដៅទេសចរណ៍ វិនិយោគ និងពាណិជ្ជកម្ម ដ៏គួរឱ្យទាក់ទាញមួយក្នុងតំបន់អាស៊ី, ជាពិសេសបានធ្វើឱ្យវិស័យទេសចរណ៍ក្លាយជាកម្លាំងចលករ ដ៏សំខាន់ក្នុងរយៈពេល៣០ឆ្នាំ ចុងក្រោយនេះ ក្នុងការចូលរួមជំរុញវឌ្ឍនភាពសេដ្ឋកិច្ចកម្ពុជា ឱ្យកើនឡើងប្រមាណ១៣ដង ចាប់ពីឆ្នាំ១៩៩៣-២០២៣។
ជាមួយគ្នានេះ វិស័យទេសចរណ៍កម្ពុជាបានរីកលូតលាស់គួរជាទីមោទនៈ ដោយបានចូលរួមចំណែកយ៉ាងច្រើន ។ ប៉ុន្តែកំណើននេះ ត្រូវបានបង្អាក់ស្ទើរតែទាំងស្រុង ដោយសារការរីករាលដាលនៃវិបត្តិជំងឺកូវីដ១៩ ដែលបានជះឥទ្ធិពលជាអវិជ្ជមានដល់សុខភាពសាធារណៈ និង បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការ អភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិនៅទូទាំងសកលលោក។
សម្តេចធិបតី ហ៊ុន ម៉ាណែត បន្ដថា ក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ១៩, រាជរដ្ឋាភិបាល នីតិកាលទី៦ បានប្រែក្លាយវិបត្តិទៅជាកាលានុវត្តភាពសម្រាប់ការស្តារ និងការកែលម្អរចនាសម្ព័ន្ធចាំបាច់នានាសំដៅគាំទ្រដល់កិច្ចដំណើរការឡើងវិញ នៃវិស័យទេសចរណ៍ដ៏សំខាន់របស់កម្ពុជាផងដែរ៕