ព្រះអាទិត្យនឹងរះឡើងចំកំពូលប្រាសាទកណ្តាលនៃអង្គរវត្ត ឬសមរាត្រី ដែលនឹងកើតឡើងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ
សៀមរាប៖ ពេលវេលាដែលអ្នកទេសចរទាំងអស់តែងតែទន្ទឹងរង់ចាំ បានមកដល់ទៀតហើយ នោះគឺព្រះអាទិត្យនឹងរះឡើងចំកំពូលប្រាសាទកណ្តាលនៃអង្គរវត្ត ឬសមរាត្រី ដែលនឹងកើតឡើងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ។
ព្រឹត្តិការណ៍មហស្ចារ្យនៅអង្គរវត្តនេះ តែងតែបានទាក់ទាញ ចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនរាប់ពាន់នាក់ ដែលចង់ឃើញហេតុការណ៍ និងចង់ផ្តិតយករូបភាពនេះទុកជាអនុស្សាវរីយ៍។ អ្នកស្រាវជ្រាវបានហៅព្រឹត្តិការណ៍នេះថា សមរាត្រី (Equinox) ដែលមានសរសេរលើសិលាចារឹកបុរាណថា «វិសុវ» គឺជាពេលដែលយប់និងថ្ងៃមានរយៈពេលស្មើគ្នា។
សូមអញ្ជើញភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកទស្សនាព្រឹត្តិការណ៍សមរាត្រី នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ឱ្យបានច្រើនកុះករ។
សូមបញ្ជាក់ដែរថា ជារៀងរាល់ឆ្នាំ ព្រឹត្តិការណ៍សមរាត្រី (Equinox) តែងតែកើតមាន២ដង គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា៕
អត្ថបទ និងរូបភាព៖ នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ