ឯកឧត្តម ឃួង ស្រេង៖ ការបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ស្ពានបេតុងខ្សែកាបកោះនរា-កោះពេជ្រ ជាបណ្តោះអាសន្ននេះ គឺក្នុងគោលបំណងដើម្បីជួយសម្រួលចរាចរណ៍
ភ្នំពេញ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ នៅព្រឹកថ្ងៃសុក្រ ១៤រោច ខែភទ្របទ ឆ្នាំថោះបញ្ចាសទ័ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៣ តុលាឆ្នាំ២០២៣នេះអាជ្ញាធររាជធានីភ្នំពេញ បានបើកស្ពានខ្សែកាបកោះពេជ្រ-កោះនរា ឱ្យបងប្អូនប្រជាពលរដ្ឋ ឆ្លងកាត់ជាបណ្តោះអាសន្នរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋបានធ្វើដំណើរ ក្នុងឱកាសពិធីបុណ្យភ្ជំបិណ្ឌនេះ។
ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា ការដាក់ឱ្យប្រើប្រាស់ស្ពាន បេតុងខ្សែកាបជាបណ្តោះអាសន្នថ្មីនេះរបស់រដ្ឋបាលរាជធានីភ្នំពេញ ក៏បានស្នើសុំគោល ការឯកភាពពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា រួចមកហើយផងដែរ។
ក្នុងឱកាសអញ្ជើញទៅពិនិត្យស្ថានភាព ដើម្បីបើកឱ្យបងប្អូនប្រជាពលរដ្ឋបានធ្វើ ដំណើរបណ្តោះអាសន្នស្ពានបេតុងខ្សែកាបកោះពេជ្រ-កោះនរា ដែលស្ថិតក្នុងសង្កាត់ ទន្លេបាសាក ខណ្ឌចំការមន រាជធានីភ្នំពេញឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា ការបើកបណ្តោះអាសន្ន ឱ្យប្រជាពលរដ្ឋឱ្យមកធ្វើដំណើរឆ្លងកាត់ស្ពានបេតុង ខ្សែកាបកោះនរា-កោះពេជ្រនេះ ក្នុងគោលបំណង ដើម្បីជួយសម្រួលរំដោះចរាចរណ៍ ចំណាយពេលវេលាតិច និងចំណាយថវិកាតិចសម្រាប់បងប្អូន ទៅលេងស្រុកកំណើត ហើយជាពិសេស នោះគឺដើម្បីអបអរសាទរព្រះរាជបិធីបុណ្យអ៊ុំទូក បណ្តែប្រទីប សំពះព្រះខែ និងអកអំបុកនាពេលខាងមុខនេះ បន្ទាប់ពីស្ពាននេះសម្ពោធជាផ្លូវការ។
ស្ពាននេះដែរ បានជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋចេញពីច្បារអំពៅ ឆ្ពោះមកមជ្ឈមណ្ឌលកោះពេជ្រ និងមកកណ្តាក្រុងភ្នំពេញ ដែលកន្លងមកមានការកក ស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ បើទោះបីជាសាលារាជធានីភ្នំពេញ បានដាក់សាឡាង សម្រាប់ចម្លងអ្នកដំណើរ ជាប់ការដ្ឋានស្ពាននេះរហូតដល់ទៅ៤គ្រឿងក៏ដោយចុះ។
ជាមួយគ្នានេះ ក៏អាច រំដោះចរាចរចេញពីរាជធានីភ្នំពេញ ទៅផ្លូវជាតិលេខ១វិញ និងកាត់បន្ថយការកកស្ទះនៅផ្លូវព្រះមុនីវង្សបានមួយចំណែកធំផងដែរ៕