សិស្សសាលាស្រីម្នាក់ បង្ហោះវីដេអូប្រើបារីអេឡិចត្រូនិច ពេលនេះត្រូវសមត្ថកិច្ចហៅអប់រំ
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៤ នេះ បានបញ្ជាក់ពីករណីសមត្ថកិច្ចអប់រំសិស្សសាលាស្រីម្នាក់ បានបង្ហោះវីដេអូប្រើប្រាស់បារីអេឡិចត្រូនិច ធ្វើឱ្យប៉ះពាល់ដល់សង្គម។
ក្រោយពីទទួលបានព័ត៌មានករណីសិស្សស្រីម្នាក់ ប្រើប្រាស់បារីអេឡិចត្រូនិចខុសច្បាប់នោះមក នៅព្រឹកថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ ខណ្ឌ៧មករា បានធ្វើការកោះហៅសិស្សស្រី ដែលបានបង្ហោះវិដេអូប្រើប្រាស់បារីអេឡិចត្រូនិច មកសួរនាំអប់រំណែនាំ ធ្វើកិច្ចសន្យា ដោយមានការធានាពីអាណាព្យាបាល លោកគ្រូ-អ្នកគ្រូ ដោយបញ្ឈប់ការប្រើប្រាស់បារីអេឡិចត្រូនិច (E-Cigarette/ Vape) ពីព្រោះវាបណ្តាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព និងច្បាប់មិនអនុញ្ញាតឱ្យប្រើប្រាស់នោះទេ ទើបសមត្ថកិច្ចអនុញ្ញាតត្រឡប់ទៅផ្ទះវិញ។
ជាមួយគ្នានេះដែរ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាល តែងតែចុះផ្សព្វផ្សាយពីផលប៉ះពាល់នៃការប្រើប្រាស់សារធាតុញៀនដល់សិស្សានុសិស្សតាមសាលារៀន និងប្រជាពលរដ្ឋតាមខ្នងផ្ទះជាប្រចាំ៕
សូមទស្សនាវីដេអូនៅខាងក្រោម ៖