កូរ៉េខាងត្បូង លែងសូវញ៉ាំផ្លែឈើច្រើនដូចមុន ព្រោះតម្លៃហក់ឡើងខ្ពស់ពេក

តម្រូវការផ្លែឈើក្នុងប្រទេសកូរ៉េខាងត្បូង បានធ្លាក់ចុះជិត ២០% ក្នុងរយៈពេល ១៥ ឆ្នាំមកនេះ ស្របពេលតម្លៃក៏ហក់ឡើងថ្លៃ និងទំនិញក៏លែងសូវមានច្រើន។

កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៤ កន្លងទៅ ក្រសួងកសិកម្មប្រចាំប្រទេសកូរ៉េ បានបញ្ចេញទិន្នន័យបង្ហាញថា តម្រូវការផ្លែឈើជាមធ្យមក្នុងមនុស្សម្នាក់ បានកាត់បន្ថយ ១៩% មកត្រឹម ៥៥ គីឡូក្រាមក្នុងមួយឆ្នាំ ដែលកាលពីឆ្នាំ ២០០៧ ក្នុងមួយឆ្នាំម្នាក់ៗទទួលទាន ៦៧.៩ គីឡូក្រាមនោះ។

បើតាមនាយកដ្ឋានអភិវឌ្ឍន៍ជនបទ បានឱ្យដឹងថា តម្រូវការផ្លែឈើគឺពាក់ព័ន្ធខ្លាំងជាមួយតម្លៃ ព្រោះទំនិញប្រភេទនេះ ចាត់ទុកជាអាហារមិនសូវចាំបាច់ និងត្រូវបានគេកាត់បន្ថយ នៅពេលដែលតម្លៃហក់ឡើងខ្លាំង។ គួរឱ្យដឹងថា ការទិញផ្លែឈើក្នុងប្រទេសកូរ៉េ បានកាត់បន្ថយ ចាប់តាំងពីជំងឺកូវីដ-១៩ ផ្ទុះឡើងម្ល៉េះ ហើយបើតាមសារព័ត៌មាន Korea Herald ក្នុងរយៈពេល ២ ខែដំបូងក្នុងឆ្នាំនេះ តម្លៃផ្លែឈើ បានកើនឡើងជិត ៤០% បើធៀបទៅនឹងឆ្នាំមុន។ ផ្លែក្រូច និង ផ្លែប៉ោម ដែលជាផ្លែឈើពេញនិយមបំផុតរបស់ពលរដ្ឋកូរ៉េ គឺឡើងថ្លៃពី ៧១% និង ៧៨%។

ចំពោះមូលហេតុនៃការឡើងថ្លៃនេះ គឺដោយសារតែចំនួនផ្លែឈើទាំងនោះមិនសូវមានច្រើន។ ក្នុងនោះដែរ ដីចចម្ការដាំផ្លែឈើ និង ចំនួនកសិករសរុបក្នុងប្រទេស បានធ្លាក់ចុះ ខណៈស្ថានភាពអាកាសធាតុ ក៏បានបង្កផលប៉ះពាល់ដល់ទិន្នផលដំណាំផងដែរ។ ជាក់ស្ដែង កាលពីឆ្នាំ ២០២៣ កន្លងទៅ ផលដំណាំប៉ោម និង ផ្លែសេរី បានធ្លាក់ចុះ ៣០% ដោយសារតែនៅរដូវរងា អាកាសធាតុត្រជាក់ពេក និងនៅរដូវក្ដៅ មានភ្លៀងធ្លាក់ខ្លាំងពេក៕

អត្ថបទដែលជាប់ទាក់ទង