នៅទីបំផុត! តារាសម្តែង រ៉ូស ទទួលបានពន្លឺយុត្តិធម៌ពីតុលាការហើយ

ភ្នំពេញ ៖ តុលាការបានសម្រេចផ្តល់យុត្តិធម៌ដល់តារាសម្តែង រ៉ូស ដែលជាដើមបណ្តឹង ដោយនៅក្នុងនោះ បានធ្វើការចោទប្រកាន់ជនជាប់ចោទចំនួន២រូប ដាក់ពន្ធនាគារក្នុងម្នាក់ៗ១ឆ្នាំ៦ខែ និងសំណងជំងឺចិត្តជាប្រាក់ចំនួន១០លានរៀល ។

បើយោងតាមសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលត្រូវបានផ្សព្វផ្សាយដោយតារាសម្តែង រ៉ូស តាមបណ្តាញសង្គមបានឲ្យដឹងថា អង្គជំនុំជម្រះបានផ្តន្ទាទោសជនដៃដល់ចំនួន២រូប ១-ឈ្មោះ ស៊ូ ហ្គេចហៀក ភេទស្រី និងឈ្មោះ ម៉េង លីហ័រ ភេទស្រី ពីបទហិង្សាដោយចេតនា ដែលបានប្រព្រឹត្តនៅមុខផ្ទះលេខ F5.F6 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣។

ដើមបណ្តឹងរដ្ឋវប្បវេណីឈ្មោះ ហាស់ វីរ៉ាស្រីរ័ត្ន (រ៉ូស) បានប្តឹងទាមទារសំណងជាប្រាក់ចំនួន១០ម៉ឺនដុល្លារអាមេរិក ដោយលើកឡើងពីហេតុផលថា ក្រោយពីមានរបួសដោយសារជនបង្កទាំងពីរខាងលើ គឺខ្លួនបានចេញទៅព្យាបាលនៅប្រទេសថៃចំណាយអស់ប្រាក់ចំនួន៨ពាន់ដុល្លារអាមេរិក ហើយមូលហេតុដែលខ្លួនបានប្តឹងទាមទារសំណងចំនួន១០ម៉ឺនដុល្លារអាមេរិក ដោយសារអំពើដែលប្រព្រឹតត្តរបស់ជនជាប់ចោទទាំងពីរធ្វើឲ្យខ្លួនខាតបង់ពេលវេលា និងខូចកិត្តិយសយ៉ាងធ្ងន់ធ្ងរព្រោះខ្លួនជាតារាសម្តែង ។ បន្ទាប់ពីបង្ហាញពីសាលក្រមនេះ តារាសម្តែង រ៉ូស ក៏បានភ្ជាប់ជាមួយនឹងសារបង្ហោះលើបណ្តាញសង្គមថា តុលាការបានប្រកាសសាលក្រមហើយ ជនដៃដល់ដែលបានប្រើអំពើហិង្សាព្រួតវាយធ្វើបាបនាងខ្ញុំបែកខ្ទង់ច្រមុះហូរឈាមគឺត្រូវបានទទួលទោស ។ នាងបញ្ជាក់ថា យុត្តិធម៌ពិតជាមានសំរាប់ខ្ញុំ 🙏អរគុណតុលាការ🙏ប្រទេសរបស់យើងមានច្បាប់ ជនណាដែលប្រព្រឹតខុសត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ។

គួរបញ្ជាក់ថា កញ្ញាហាស់ វីរ៉ាស្រីរ័ត្ន ហៅកញ្ញា អាណារ៉ូស ត្រូវប្តីប្រពន្ធពីរនាក់បានវាយបែកមុខនៅលើរថយន្តគ្រាដែលបានចេញទៅតំបន់កោះពេជ្រ សង្កាត់ទន្លេបាសាក់ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ ខណៈពេលអំពើហិង្សានេះ ត្រូវបានកើតមានឡើងព្រោះតែប្តីប្រពន្ធទាំងពីរនាក់ចោទប្រកាន់រ៉ូសថា បាននិយាយដៀមដាមឲ្យនារីម្នាក់ថា «ជាស្រីលក់ខ្លួននោះ» ។
ជនដែលបានបង្កហិង្សាចំពោះរ៉ូស ត្រូវបានគេស្គាល់ឈ្មោះលើបណ្តាញសង្គមថា Yubee Ly និងស្វាមីជាអ្នកស្រលាញ់ភេទដូចគ្នា ដែលការប្រើហិង្សានេះក្រោយពីមានសារឆ្លើយឆ្លងឌឺដងគ្នានៅលើបណ្តាញសង្គមក្នុងរយៈពេលប៉ុន្មានថ្ងៃ មុនពេលមានអំពើហឹង្សានេះបានកើតឡើង ៕

អត្ថបទដែលជាប់ទាក់ទង