ក្រឡេកមើល ទិដ្ឋភាពនៃភ្ញៀវទេសចរជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករបានមករង់ចាំទស្សនាថ្ងៃរះនៅប្រាសាទអង្គរវត្ត
អាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៤ នេះ បានបង្ហាញពីទិដ្ឋភាពភ្ញៀវទេសចរជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករ ដែលមានចំនួនប្រមាណ១,៥០០ នាក់ បានមករង់ចាំទស្សនាថ្ងៃរះនៅប្រាសាទអង្គរវត្ត ចាប់តាំងពីម៉ោង ៥ ព្រឹកមក។
អាជ្ញាធរជាតិអប្សរា បានបន្តឱ្យដឹងទៀតថា ស្ទើរតែជារៀងរាល់ព្រឹក ពុំមានលស់មួយថ្ងៃណាមួយឡើយ ភ្ញៀវទេសចរជាតិ និងអន្តរជាតិតែងតែក្រោកមកតាំងពីព្រលឹមស្រាងៗ ដើម្បីរង់ចាំគយគន់ទិដ្ឋភាពថ្ងៃរះនៅខាងមុខប្រាសាទអង្គរវត្ត។
ការក្រោកពីព្រលឹមរបស់ភ្ញៀវទេសចរទាំងឡាយ នោះគឺដោយសារតែ ថ្ងៃរះនៅប្រាសាទអង្គរវត្ត ជាផ្ទាំងទស្សនីយភាពដ៏ទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរ ពួកគេមានខ្លះឈរ និងខ្លះអង្គុយ នៅជុំវិញស្រះទឹក ដើម្បីរង់ចាំមើលថ្ងៃរះដ៏ស្រស់ត្រកាល នាព្រឹកព្រហៀម និងផ្តិតយករូបភាពទាំងនោះទុកជាអនុស្សាវរីយ៍៕
ប្រភព ៖ អាជ្ញាធរជាតិអប្សរា