រាជិនីក្រមា មាន សូនីតា បានបញ្ចេញនូវម៉ូដខោខ្មែរធ្វើពីក្រមាសម្រាប់ស្លៀកពាក់ប្រចាំថ្ងៃ ក៏ដូចជាត្រៀមស្លៀកនៅថ្ងៃចូលឆ្នាំខ្មែរ
នៅសល់តែមួយខែទៀតប៉ុណ្ណោះ រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងនឹងរំកិលចូលមកដល់។ ទន្ទឹមគ្នានេះ រាជិនីក្រមា មាន សូនីតា ដែលគេស្គាល់ថា ជាស្ថាបនិកហាងសម្លៀកបំពាក់ផលិតពីក្រមាខ្មែរ «ផ្ទះស្រលាញ់» ក៏បានបញ្ចេញនូវម៉ូដខោខ្មែរធ្វើពីក្រមាសម្រាប់ស្លៀកពាក់ប្រចាំថ្ងៃ ក៏ដូចជាត្រៀមស្លៀកនៅថ្ងៃចូលឆ្នាំខ្មែរ ដែលនឹងមកដល់នាពេលឆាប់ៗខាងមុខ។
ជាមួយខោខ្មែរចង្កេះកៅស៊ូមានជម្រើសច្រើនពណ៌ មាន សូនីតា បានបញ្ចេញពីរម៉ូដ មួយម៉ូដក្រមាសុទ្ធ និងមួយទៀតម៉ូដក្រមាតចង្កេះស្ទាយ៌ជើងធំបែបយុវវ័យ។ ខោក្រមាខ្មែរស្លៀកបានទាំងបុរស និងនារីនេះ តារាសម្តែងតែងនិយមភាពស៊ីវិល័យ តែអភិរក្សនិយមរូបនេះ ផលិតវាឡើងក្នុងទស្សនៈ បង្កើនការងារដល់ប្រជាជនក្នុងស្រុក និងបន្ថយការចំណាកស្រុក។ កញ្ញាលើកឡើងថា៖ «គាំទ្រខោខ្មែរ ផលិតផលខ្មែរ ធ្វើដោយកូនខ្មែរ ឈប់ទិញផលិតផលក្រៅស្រុក ដោយងាកមកទិញផលិតផលក្នុងស្រុក ដើម្បីបង្កើនប្រាក់ចំណូលប្រទេសជាតិវិញ»។
តាមរយៈផលិតផលខោខ្មែរបញ្ចេញថ្មីនេះ រាជិនីក្រមា មាន សូនីតា ក៏សូមអំពាវនាវដល់អាជីវករទាំងអស់ សូមជួយគ្នាគាំទ្រផលិតផលខ្មែរ ដើម្បីជួយបង្កើតការងារដល់ពលករក្នុងស្រុក ឱ្យពួកគាត់មានការងារធ្វើកាន់តែច្រើន នោះចំណាកស្រុកក៏កាន់តែតិច៕