ករណីទាំង ២០ នេះ អាចឱ្យកងកម្លាំងនគរបាលជាតិប្រឈមនឹងការដាក់ទណ្ឌកម្ម អាចឈានដល់ដកហូតមុខតំណែង

កងកម្លាំងនគរបាលជាតិ ត្រូវបានបង្កើតឡើងក្រោមស្នាព្រះហស្ថដ៏ថ្លៃថ្លារបស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ នៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ១៩៤៥ ដែលមានតួនាទី រក្សាសណ្តាប់ធ្នាប់នៃសកម្មភាពបាតុកម្ម កូដកម្មបញ្ចៀសរាល់សកម្មភាពភេរវកម្ម ទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ។ បន្ថែមលើនេះគឺត្រូវប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ពីការជួញដូរមនុស្ស អនុវត្តច្បាប់អន្តោប្រវេសន៍ ច្បាប់ចរាចរណ៍ផ្លូវគោក បង្ក្រាបបទល្មើសព្រៃឈើ ល្បែងស៊ីសងគ្រប់ប្រភេទ ក្មេងទំនើង និង បម្រើដល់ពលរដ្ឋប្រកបដោយគុណធម៌។

យ៉ាងណាមិញ ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គមបានល្អ កងកម្លាំងនគរបាលជាតិគ្រប់ជាន់ថ្នាក់ ក៏ត្រូវគោរពប្រតិបត្តិវិន័យឱ្យបានម៉ឺងម៉ាត់ផងដែរ ហើយករណីប្រព្រឹត្តខុសវិន័យកងកម្លាំងនគរបាលក៏នឹងត្រូវប្រឈមនឹងការដាក់ទណ្ឌកម្ម បន្ថយឋានន្តរស័ក្តិ ឬបណ្ដេញចេញពីអង្គភាព ឬដកហូតមុខតំណែង និង អាចបណ្ដេញចេញពីក្របខណ្ឌនគរបាលតែម្ដង។ ខាងក្រោមនេះគឺជា ករណីទាំង ២០ ដែលអាចឱ្យកងកម្លាំងនគរបាលប្រឈមនឹងការដាក់ទណ្ឌកម្មខាងលើ ៖

១. បានទទួលការព្រមានចំនួន ២ ដងរួចមកហើយ តែមិនព្រមរាងចាល។

២. អវត្តមានដោយឥតច្បាប់ពី ៨ ទៅ ១៥ ថ្ងៃ។

៣. ផ្ទុះអាវុធ ដោយគ្មានបញ្ហា ឬមូលហេតុស្របច្បាប់។

៤. ទទួលសំណូកចាប់ពី ៥ ០០១ រៀលឡើងទៅ។

៥. កិបកេងទ្រព្យសម្បតិ្តរដ្ឋ អង្គភាពចាប់ពី ១០០ ០០១ រៀលឡើងទៅ។

៦. យកមុខតំណែង ឋានន្តរស័ក្តិ សិទ្ធិអំណាចនគរបាលទៅគំរាម កំហែងអ្នកដទៃ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។

៧. ធ្វើលិខិតស្នាមក្លែងក្លាយមិនស្របច្បាប់ ឬឱ្យអ្នកដទៃខ្ចីលិខិតរបស់ខ្លួនប្រើប្រាស់ «លិខិតស្នាមរបស់នគរបាលជាតិ»។

៨. យកមុខតំណែង ឋានន្តរស័ក្ដិ សិទ្ធិអំណាចនគរបាល ដើម្បីឃុបឃិត ឬបិទបាំងកំហុស ឬធ្វើរបាយការណ៍ កំណត់ហេតុមិនពិត ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។

៩. ផ្អឹបឯកសារ ឬសំណុំរឿង ដែលស្ថិតក្នុងរង្វង់សមត្ថកិច្ចរបស់ខ្លួនជាអ្នកដោះស្រាយ ហើយធ្វើឱ្យយឺតយ៉ាវ ឬបាត់បង់ ឬបង្កការលំបាកដល់ប្រជារាស្រ្ត និង អង្គភាព។

១០. យកមធ្យោបាយរបស់រដ្ឋ អង្គភាពទៅប្រើប្រាស់ ដើម្បីទាញយកប្រយោជន៍ផ្ទាល់ខ្លួន។

១១. បំផ្លាញ ឬធ្វើឱ្យបាត់បង់ ឬដោះដូរ ឬក្រឡៃភាពដើមនៃមធ្យោបាយ សម្ភារៈ ទ្រព្យសម្បត្តិឯកសារនានា ដែលជាវត្ថុតាងស្ថិតក្នុងរង្វង់សមត្ថកិច្ចរបស់ខ្លួនដោះស្រាយ។

១២. ផាកពិន័យមិនត្រឹមត្រូវ ឬមិនចេញបង្កាន់ដៃ តាមការកំណត់។

១៣. ធ្វេសប្រហែស ធ្វើឱ្យពិរុទ្ធជន ឬទណ្ឌិតរត់រួច។

១៤. ឃុបឃិតកសាងសំណុំរឿងក្រឡៃវត្ថុតាងនានា ដើម្បីសំរាល ឬទម្ងន់ ទោស ឱ្យទណ្ឌិត ឬពិរុទ្ធជន។

១៥. សួរចម្លើយ ដោយធ្វើទារុណកម្មគ្រប់រូបភាព កៀបបង្ខំ ឬបញ្ចេះចម្លើយ។

១៦. ធ្វេសប្រហែស ឬបង្កភាពយឺតយ៉ាវក្នុងអន្តរាគមន៍ពន្លត់អគ្គិភ័យ បណ្ដាលឱ្យអន្តរាយដល់អាយុជីវិត ឬទ្រព្យសម្បត្តិបន្ថែមទៀត។

១៧. ចំណាយថវិការរដ្ឋមិនត្រឹមត្រូវតាមការកំណត់ ខ្ជះខ្ជាយ ឬយកថវិការដ្ឋទៅបង្វិល ដើម្បីប្រយោជន៍បុគ្គល។

១៨. ធ្វេសប្រហែស ខ្វះស្មារតីទទួលខុសត្រូវក្នុងការការពារអង្គភាព គណៈប្រតិភូជាតិ អន្តរជាតិ ថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ អន្តរជាតិ បណ្ដាលឱ្យមានគ្រោះថ្នាក់។

១៩. បែកការសម្ងាត់របស់អង្គភាព។

២០. ផ្ដល់ព័ត៌មាន ដោយគ្មានការអនុញ្ញាត៕ វិន័យ_០០៦_របស់កងកម្លាំងនគរបាលជាតិ

ប្រភព ៖ ឯកសារប្រឡងក្របខណ្ឌរដ្ឋ

អត្ថបទដែលជាប់ទាក់ទង