ផ្ទុះការវែកញែក ក្រោយ Poster រឿងថៃប៉ុស្តិ៍លេខ ៣ ស្រដៀងនឹងប្រាសាទបុរាណខ្មែរ
ទន្ទឹមនឹងក្នុងបណ្តាញសង្គមហ្វេសប៊ុកកំពុងក្តៅគគុកជុំវិញរឿងរ៉ាវកុនខ្មែរ និង ថៃ មកដល់ពេលនេះគេសង្កេតឃើញនៅតែមានការវែកញែកគ្នាមិនទាន់រលត់ហាក់នៅដុតកម្តៅក្នុងដួងចិត្តមហាជននៅឡើយ។ ស្របគ្នានោះ ងាកទៅមើលស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថៃឯណោះវិញ នៅថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២៤ កន្លងទៅ ស្រាប់តែចេញមកបង្ហោះរូបភាព Poster រឿងថ្មីមួយដែលនឹងត្រៀមបញ្ចាំងនាខែ តុលា ខាងមុខនេះ នាំឱ្យផ្ទុះការវែកញែកព្រោងព្រាតពីមហាជនអ្នកគាំទ្រខ្មែរ។
សម្រាប់រឿងថ្មីនោះមានឈ្មោះជាភាសាថៃថា ៖ «ธี่หยด 2» (ធីយ៉តសង) ឬ ជាភាសាអង់គ្លេសថា «Death Whisperer 2» ដែលជារឿងបែបប្រយុទ្ធ និង រន្ធត់ព្រឺព្រួច។ ក្នុងនោះ អ្វីដែលផ្ទុះការចាប់អារម្មណ៍ និង វែកញែកនោះ គឺតាមរយៈ Poster នៃរឿង គេឃើញមានជាប់នឹងរូបភាពប្រាង្គប្រាសាទមួយដែលគេយល់ថាស្រដៀងនឹង «ប្រាសាទតាសោម» របស់ខ្មែរដែលស្ថិតក្នុងខេត្តសៀមរាប។
ជាមួយនឹងឃើញរូបភាពនោះហើយ បាននាំឱ្យមហាជនខ្មែរជាច្រើនចូលទៅបញ្ចេញមតិវែកញែកជាច្រើនទៅកាន់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថៃរហូតធ្វើឱ្យរូបភាពមួយសន្លឹកនោះក្លាយជារឿងហេតុនៃការឆ្លើយឆ្លងយោបល់គ្នារវាងអ្នកគាំទ្រថៃ និង ខ្មែរ។ យ៉ាងណាមិញ ដ្បិតថាមានការវែកញែកពីមហាជនខ្មែរច្រើនជុំវិញបញ្ហាប្រាសាទ មកទល់ពេលនេះគេពុំទាន់ឃើញមានការបកស្រាយបំភ្លឺពីស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថៃឡើយ។
គួរបញ្ជាក់ផងថា ប្រាសាទតាសោម ជាប្រាសាទខាងពុទ្ធសាសនា មានទីតាំងស្ថិតនៅខាងកើតប្រាសាទនាគព័ន្ធ។ ប្រាសាទនេះត្រូវបានកសាងឡើងនៅចុងសតវត្សទី១២ ដោយព្រះបាទជ័យវរ្ម័នទី៧ ឧទ្ទិសថ្វាយដល់ព្រះបិតារបស់ព្រះអង្គ។សម្រាប់តួប្រាសាទជាប្រាសាទតូចដែលមានរចនាប័ទ្មបាយ័ន និង មានរបងព័ទ្ធជុំវិញរាងទាបផ្ទាល់ដី ប៉មប្រាសាទបែរទៅរកគោបុរៈ និង កន្លែងសញ្ញាកាកបាទខាងក្នុងប្រាសាទគឺដូចគ្នាខ្លាំងណាស់ទៅនឹងប្រាសាទតាព្រហ្ម។ នៅលើប្រាសាទមានចម្លាក់ជាច្រើនមានសភាពល្អនៅឡើយ និង បង្ហាញយ៉ាងពិសេសនូវការស្ថាបនាឡើងយ៉ាងវិចិត្រសម្រាប់ស្នាដៃសតវត្សរ៍ទី១២។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ គេឃើញមានដើមឈើធំៗដុះពីលើកំពូលនៃគោបុរៈខាងកើតផងដែរ៕