អគ្គលេខាធិការដ្ឋានគ្រប់គ្រងល្បែងអនឡាញ ចេញសារដាស់តឿនពលរដ្ឋ កុំឱ្យចាញ់ល្បិចផ្សព្វផ្សាយពាណិជ្ជកម្ម ល្បែងកាស៊ីណូអនឡាញ
ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានចេញសារលើបណ្ដាញសង្គមដាស់តឿនប្រជាពលរដ្ឋកុំឱ្យចាញ់ល្បិចកលចំពោះការផ្សព្វផ្សាយពាណិជ្ជកម្មអំពីល្បែងកាស៊ីណូអនឡាញ ល្បែងភ្នាល់អនឡាញ និងឆ្នោតកន្ទុយលេខ ដែលជាល្បែងស៊ីសងខុសច្បាប់តាមទំព័រហ្វេសប៊ុក ប្រព័ន្ធតេលេក្រាម និងបណ្តាញសង្គមយូធូប (Youtube) ចំនួន២១ទំព័រ។
យោងតាមហ្វេសប៊ុករបស់អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា ការផ្សព្វផ្សាយនេះ បានបង្កឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខ សណ្តាប់ធ្នាប់ សីលធម៌សង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ករណីនេះ អាជ្ញាធរមានសមត្ថកិច្ចបាននិងកំពុងតាមដាន ស្រាវជ្រាវ និងចាត់វិធានការបង្ក្រាបលើបុគ្គលផ្សព្វផ្សាយល្បែង អ្នកដំណើរការ អ្នកលេង និងអ្នកពាក់ព័ន្ធទៅនឹងល្បែងស៊ីសងខុសច្បាប់។
អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ប្រុងប្រយ័ត្ន ចៀសវាងការចូលរួមលេង ឬចូលរួមសកម្មភាពក្នុងដំណេីរការល្បែងស៊ីសងខុសច្បាប់ខាងលេីនេះ និងសូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចពង្រឹងការតាមដាន និងចាត់វិធានការបង្ក្រាបលើបុគ្គលផ្សព្វផ្សាយល្បែង អ្នកដំណើរការ អ្នកលេង និងអ្នកពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់ខាងលេីនេះតាមនីតិវិធីច្បាប់ជាធរមាន។
សូមជម្រាបថាឈ្មោះល្បែងអនឡាញខុសច្បាប់ មានឈ្មោះ និងរូបភាពបង្ហាញខាងក្រោម ៖ (1)Flyzz News (2)Aa2888 Official (3) Vivendo a vida (4)Xylophone Marketing (5) ពិភពបាល់ទាត់ និងហ្គេមកាស៊ីណូ (6) VVIP CAM (7)Fa Fa Galaxy7 ជាហ្គេមអនឡាញល្បីនៅអាស៊ី (8) FAFA365-khcs (9)FAFAJOKER_Official (10) SBC369-Agency 1 (11) FAFA666 (12) បាល់ SBC 369 (13) ទទួលយកបទពិសោធ៌កំសាន្តដោយទំនុកចិត្ត (14) Admin 500 (15) Les chevreuils (16) 99comboo (17) Afb883 Asia (18) Wattana Nin (19)K88 (20) HB88kh – Cambodia Most Trusted និង(21) ផ្ទះឆ្នោត (ឆ្នោតយួនខុសច្បាប់) ដែលជាសកម្មភាពល្មើសនឹងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងច្បាប់ស្ដីពីការបង្រ្កាបល្បែងស៊ីសង។
សូមបញ្ជាក់ផងដែរថា ក្នុងចំណោមឈ្មោះទាំង២១ខាងលើនេះ ប្រជាពលរដ្ឋខ្មែរច្រើនចាញ់ល្បិចល្បែងអនឡាញឈ្មោះ «ផ្ទះឆ្នោត» ច្រើនជាងគេ ខណៈដែលល្បែងអនឡាញនេះគ្មានច្បាប់នោះឡើយ៕