នាយក​រដ្ឋមន្ត្រី​កម្ពុជា បញ្ជាក់​នៅ UN ថា មិន​អនុ​ញ្ញា​ឲ្យ​មាន​មូលដ្ឋានទ័ព​បរទេស​ក្នុង​ប្រទេស​ខ្លួន​ឡើយ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ប្រជុំ​របស់​អង្គការសហប្រជាជាតិ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​អះអាង​ថា កម្ពុជា មិន​អនុ​ញ្ញា​ឲ្យ​មាន​មូលដ្ឋាន​កងទ័ព​បរទេស​ក្នុង​ប្រទេស​របស់​ខ្លួន​ឡើយ​។ សម្ដេច​នាយក​រដ្ឋមន្ដ្រី បាន​លើក​ឡើង​បែប​នេះ ក្រោយ​មាន​ក្រុម​បាតុកម្ម​នៅ​អា​មេ​រិ​ក បាន​លើក​ឡើង​អំពី​បញ្ហា​កំពង់​ផែ​រាម ដោយ​សង្ស័យ​ថា មាន​មូលដ្ឋានទ័ព​ចិន​។

ក្នុង​ឱកាស​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ នៅ​អា​មេ​រិ​ក និង​កា​ណា​ដា ស្ថិត​ក្នុង​ទីក្រុង​ញ៉ូ​យ៉​ក សហរដ្ឋអាមេរិក នា​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២៣ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ថា «​បញ្ហា​កំពង់​ផែ​រាម គ្មាន​អ្វី​លាក់បាំង​នោះ​ទេ គឺ​កម្ពុជា នៅ​តែ​គោរព​រដ្ឋធម្មនុញ្ញ ដែល​មិន​ឲ្យ​មាន​មូលដ្ឋានទ័ព​បរទេស នៅ​លើ​ទឹកដី​កម្ពុជា​»​។

សម្ដេច​ធិ​បតី បា​ម គូសបញ្ជាក់​ថា «​ខ្ញុំ បាន​បញ្ជាក់​ទៅ​អ្នកស្រី នូ​លែ​ន (​អ្នកស្រី​វ៉ិ​ច​តូ​រី​យ៉ា នូ​លែ​ន អនុរដ្ឋមន្ត្រី​ការ​បរទេស​ស្ដីទី​អា​មេ​រិ​ក ព្រោះ​ក្រោយ​ជួប​អ្នកស្រី នូ​លែ​ន ខ្ញុំ ទៅ UN ដើម្បី​អាន​ស​ន្ទ​រក​ថា ខ្ញុំ​ប្រាប់​អ្នកស្រី ចាំ​មើល នៅ​អង្គការសហប្រជាជាតិ ខ្ញុំ​នឹង​លើក​ជំហរ​នេះ (​រាម​) ឲ្យ​បាន​ច្បាស់ ឲ្យ​ឃើញ បើ​យើង​មាន​អ្វី​មិន​ប្រាកដ​វិជ្ជា ខ្ញុំ​បាន​លើក​ផ្អែក​ទៅ​លើ​ភាសា​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​យើង​ថា កម្ពុជា នឹង​មិន​អនុ​ញ្ញា​ឲ្យ​មូលដ្ឋាន​កងទ័ព​បរទេស នៅ​លើ​ទឹកដី​ខ្លួន​នេះ បាន​បញ្ជាក់​បាន​ច្បាស់​»​។

សម្ដេច​នាយក​រដ្ឋមន្ដ្រី បន្ដ​ថា «​បើ​កម្ពុជា មាន​បំណង​ឲ្យ​មូលដ្ឋាន​បរទេស​នោះ គឺ​កម្ពុជា ត្រូវធ្វើ​វិសោធនកម្ម​ច្បាប់ រដ្ឋធម្មនុញ្ញ ខណៈ​កម្ពុជា គឺ​មិន​ធ្វើ​ឡើយ ព្រោះថា «​ជំហរ​របស់​កម្ពុជា គឺ​ផលប្រយោជន៍​ជាតិ​ជា​ធំ​»​។ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ចោទសួរ​ក្រុមប្រឆាំង​ថា «​តើ​យល់​យ៉ាងម៉េច? នៅ​ពេល​អា​មេ​រិ​ក​ផ្តល់​ជំនួយ ១៨​លាន​ដុល្លារ​មក​កម្ពុជា​វិញ​»​។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ឲ្យ​ដឹង​ថា «​នា​ឱកាស​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី វ៉ិ​ច​តូ​រី​យ៉ា នូ​លែ​ន អនុរដ្ឋមន្ត្រី​ការ​បរទេស​ស្ដីទី​អា​មេ​រិ​ក គឺ​ដើម្បី​ពង្រីក​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា​-​អា​មេ​រិ​ក​»​។ សម្ដេច បន្ដ​ថា «​មាន​វិទ្យុ​បរទេស​មួយ​ចំនួន​បាន​ផ្សាយ​ថា លោកស្រី​អនុរដ្ឋមន្ដ្រី បាន​ហៅ​សម្ដេច​ធិ​បតី មក​សួរ​ចម្លើយ ខណៈ​សម្ដេច បាន​ដាក់​ចេញ​ជា​សំនួ​រថា «​ខ្ញុំ មក UN មាន​អ្នក​ណា​ហៅ​នាយក​រដ្ឋមន្ដ្រី មក​សួរ​ចម្លើយ​យ៉ាងម៉េច?​»​។

អត្ថបទដែលជាប់ទាក់ទង