ផ្ទុះរឿងកុនខ្មែរ-ថៃ! លោក អ៊ិន សុភិន ដែលជាម្ចាស់ផលិតកម្មមហាហង្ស ក៏បានចេញមកបង្ហោះសារបញ្ចេញមតិ
ទន្ទឹមនឹងក្នុងបណ្តាញសង្គមហ្វេសប៊ុកកំពុងក្តៅគគុកជុំវិញរឿងរ៉ាវកុនខ្មែរ និង ថៃ មកដល់ពេលនេះគេសង្កេតឃើញនៅតែមានការវែកញែកគ្នាមិនទាន់រលត់ហាក់នៅដុតកម្តៅក្នុងដួងចិត្តមហាជននៅឡើយ។
ស្របគ្នានេះ បើងាកមកមើលលោក អ៊ិន សុភិន ដែលជាម្ចាស់ផលិតកម្មមហាហង្ស ក៏បានចេញមកបង្ហោះសារបញ្ចេញមតិជុំវិញរឿងវែកញែកកុនខ្មែរ និង ថៃដែរ។ ក្នុងនោះលោកក៏បានសុំចិត្តមហាជនខ្មែរកុំមានការគុំកួន និង ធ្វើអ្វីជ្រុលលើសពេកព្រោះអាចប៉ះពាល់ដល់មិត្តភាពរវាងប្រទេសទាំងពីរ។
លោក អ៊ិន សុភិន លើកយករឿងចាស់ដែលលោកធ្លាប់ផលិត ហើយបានសរសេរថា ៖ «ខ្ញុំសូមនិយាយតែបន្តិចទេ រឿងនេះមិនសូវមានអ្នកចូលរួមទស្សនាច្រើនទេពេលចាក់បញ្ចាំងនៅប្រទេសថៃ ពេលនោះខ្ញុំសួរខ្លួនឯងថាហេតុអ្វីបានជាមិនសូវមានអ្នកចូលមើល ហើយខ្ញុំក៏បានមើលរឿងនោះឡើងវិញមិនក្រោម ២០ ដងទេ ខ្ញុំក៏បានដឹងថាមកពីហេតុអ្វី ខ្ញុំក៏គិតថារឿងថៃខ្លះដែលការផលិតល្អក៏មិនមានអ្នកចូលមើលដូចគ្នាពេលបញ្ចាំងនៅខ្មែរ ឬនៅប្រទេសថៃ ការផលិតកុន ដូចការចាក់ឆ្នោតចឹង យើងគិតថាល្អតែអ្នកមើលគេមិនទៅមើលយើងក៏មិនអាចខឹងគេបានដែរ នេះជាការជ្រើសរើសរបស់គេ ប្រទេសគេក៏មានរឿងដូចតែយើងដែរ ខ្ញុំធ្លាប់មើលរឿងរបស់ប្រទេសវៀតណាមមួយរឿងគឺថាល្អមើលណាស់រឿងខ្មោច តែមិនមានអ្នកចូលមើលទេមានតែខ្ញុំម្នាក់ឯងគត់ តែកាលពេលបញ្ចាំងនៅវៀតណាមអ្នកមើលចូលមើលពេញរោងកុន តែមកបញ្ចាំងនៅកម្ពុជាមិនមានអ្នកមើល តើប្រទេសវៀតណាមដែលនិយាយអ្វីទេ ហើយក៏មិនមានប្រតិកម្មអ្វីដែរ។
តែពេលនេះហេតុអ្វីក៏យករឿងនេះមកបង្កើតជាសាច់រឿងផ្សេង គិតចេញរឿងដែលមិនគួរកើតមានទៅជារឿងរ៉ាវមិនចេះចប់ ឬមកពីអ្នកផលិតគិតថាត្រូវតែមានអ្នកចូលមើលពេញៗ សូមបញ្ជាក់ថាការបញ្ចាំងរឿងនៅប្រទេសថៃមិនងាយស្រួលដូចការគិតរបស់យើងទេ។ សូមបញ្ចប់រឿងត្រឹមហ្នឹងចុះការសងសឹកគុំគួនគ្នាដោយគ្មានហេតុផលច្បាស់លាស់ នាំឱ្យមានបញ្ហាជាច្រើនរវាងប្រទេស និង ប្រទេស អ្នកណាក៏គេក៏ស្រឡាញ់ប្រទេសខ្លួនដែរ តែសូមកុំធ្វើអ្វីលើសពេក។ សូមទោសបើខ្ញុំនិយាយទៅនាំឱ្យអ្នកមិនសប្បាយចិត្ត កុំយករឿងតូចមកកូរសង្គមទាំងមូល»៕