ឧកញ៉ា យឹម តាស្រង់ បានបង្ហើបពីកម្រៃរបស់អ្នកនិពន្ធទទួលបានក្នុងមួយរឿងៗ ខ្ទង់ពាន់ដុល្លារ
ថ្មីៗនេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុក និង Tiktok កំពុងផ្ទុះការបញ្ចេញយោបល់វែកញែកជុំវិញខ្សែភាពយន្តដែលចាក់បញ្ចាំងនៅតាមរោងកុន ខណៈខ្សែភាពយន្តថៃដែលចាក់បញ្ចាំងនៅខ្មែរ មានទស្សនិកជនទស្សនាណែនក្ដន់ ចំណែកឯខ្សែភាពយន្តខ្មែរដែលយកទៅចាក់បញ្ចាំងនៅប្រទេសថៃ បែរជាពុំសូវមានការគាំទ្រពីទស្សនិកជនទៅវិញ។
ខណៈរឿងរ៉ាវមួយនេះកំពុងតែផ្ទុះការវែកញែកពាសពេញបណ្ដាញសង្គម ស្រាប់តែនៅថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២៤ នេះ ឧកញ៉ា យឹម តាស្រង់ ដែលជាអ្នកនិពន្ធល្បីឈ្មោះមួយរូប បានបង្ហោះសារគួរឱ្យចាប់អារម្មណ៍មួយលើគណនីហ្វេសប៊ុកផេកផ្លូវការរបស់លោក ដោយ ឧកញ៉ា បានបង្ហើបពីកម្រៃរបស់អ្នកនិពន្ធទទួលបានក្នុងមួយរឿងៗថា ៖ «អ្នកនិពន្ធភាពយន្ត ទទួលកម្រៃ ១ រឿងចន្លោះ $3000 ទៅ $5000 ហើយទទួលបាន %3 បន្ថែមពីចំណូលចំណេញក្រោយបញ្ចាំងតាមរោងកុន»។
លើសពីនេះ ឧកញ៉ា យឹម តាស្រង់ ក៏បានបញ្ជាក់បន្ថែមទៀតថា ៖ «អ្នកនិពន្ធ និង ដឹកនាំរឿងជំនាញៗពូកែៗ ពួកគាត់បានច្រើនៗយូរហើយ ជាទូទៅ ១ ម៉ឺនដុល្លារក្នុងមួយរឿង និង ខ្លះអាចច្រើនជាងនេះ ពីការនិពន្ធរឿង+ដឹកនាំរឿង គ្រាន់តែបងប្អូនមិនបានដឹង ហើយពួកគាត់លាក់តម្លៃ អ្នកនិពន្ធមិនអន់ទេ»៕