រចនា រ៉ាវាឌី បានបង្ហាញអារម្មណ៍រន្ធត់ចិត្ត និង សោកស្ដាយត្រូវបាត់បងមនុស្សជាទីស្រឡាញ់ម្នាក់គ្មានថ្ងៃត្រឡប់

នៅថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ តារាសម្ដែងស្រី រចនា រ៉ាវាឌី បានបង្ហាញអារម្មណ៍រន្ធត់ចិត្ត និង សោកស្ដាយជាពន់ពេក ខណៈទទួលបានទទួលដំណឹងដ៏ក្រៀមក្រំដែលបានបាត់បង់មនុស្សជាទីស្រឡាញ់ម្នាក់គ្មានថ្ងៃត្រឡប់ គឺជាគ្រូបង្វឹកហាត់ប្រាណរាប់អានដ៏ស្និទ្ធស្នាលរបស់នាង ឈ្មោះ Dan Chem បានទទួលមរណភាព។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់តារាសម្ដែងស្រីដ៏មានប្រជាប្រិយភាពរូបនេះ បានបង្ហោះរូបភាពភ្ជាប់ជាមួយសារដែលបានបង្ហាញអារម្មណ៍យ៉ាងរំជួលចិត្ត និង មានការសោកស្ដាយយ៉ាងខ្លាំង ចំពោះលោកគ្រូហាត់ប្រាណរបស់នាង ដោយរៀបរាប់ថា ៖ «ទើបនិយាយគ្នាតើថាថ្ងៃចន្ទថតវីដេអូលេងជាមួយគ្នា ចុះក្រែងថាបង្ហាត់ខ្ញុំឱ្យបាន boby Gold អី មករអ៊ូមកថាមកជេរវិញមក បងតែងតែគាំទ្រនៅគ្រប់រឿងដែលខ្ញុំចង់ធ្វើ ឈ្លោះក៏ឈ្លោះ បង្ហាត់ក៏បង្ហាត់ ជេរក៏ជេរ ឥឡូវបែរមកជាស្ងាត់សំឡេងមេឈ្លោះនឹងបាត់ហើយ បងអើយបង… ប្អូនទទួលយកមិនបានទេ»។ ជាមួយគ្នានោះ កញ្ញា ក៏បានបង្ហោះរូបភាពភ្ជាប់ជាមួយសារបន្តទៀតថា ៖ «សល់តែកាចង់ចាំ ការនឹករឮក អនុស្សាវរីយ៍ ដែលគ្មានថ្ងែសាបសូន្យ»។

ទន្ទឹមនឹងនោះដែរ ក្រោយពីបានឃើញតារាស្រីរូបនេះបង្ហោះសារយ៉ាងរំជួលចិត្តបែបនេះ ធ្វើឱ្យបណ្ដាអ្នកគាំទ្ររបស់នាងបានសម្ដែងការសោកស្ដាយ ព្រមទាំងបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង